កម្ពុជា ស្នើសិង្ហបុរីឱ្យបន្តជួយបណ្តុះបណ្តាលធនធាន មនុស្សក្នុងកង យោធពលខេមរភូមិន្ទ
ភ្នំពេញ៖អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានស្នើ ទៅ កាន់ប្រទេសសិង្ហបុរី ឱ្យបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុង ជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពខ្លាំងបន្ថែមទៀត ។ការស្នើនេះ បានធ្វើឡើង ស្របពេលមេបញ្ជាការកងទ័ពជើងគោក សិង្ហបុរី និងប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា កាលព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធ ពលខេមរភូមិន្ទចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចរបស់បញ្ជាការ កងទ័ពជើងគោកសិង្ហបុរីនិងប្រតិភូ គឺបង្ហាញពីការពង្រឹងនិងពង្រីក ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-សិង្ហបុរី ស្របពេលកម្ពុជាមានដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តមបន្តទៀតថាទំនាក់ទំនងកម្ពុជា សិង្ហបុរី មានការវិវត្តរីក ចម្រើន តាម រយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល ការជួយកម្ពុជាឱ្យមានសមាហរណកម្មចូលក្នុងតំបន់ទាំងវិស័យធនធានមនុស្ស សេដ្ឋកិច្ច និងបច្ចេកវិទ្យាជាដើម។
នៅក្នុងវិស័យយោធាវិញឯកឧត្តមបានលើកឡើងថា សិង្ហបុរី ក៏បាន ជួយ ដល់កងយោធពលខេមរភូមិន្ទ ក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្ស កងទ័ពជើងទឹក ភាសាបរទេស អភិបាលកិច្ច សេនាធិការ ព្រមទាំងការផ្ដល់សម្ភារៈ គ្រឿងបំពាក់មួយចំនួនទៀត។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកងទ័ពពិសេសសិង្ហបុរី ដែលបានជួយកងទ័ពពិសេសកម្ពុជា នាំមកនូវផលប្រយោជន៍ ដល់កងទ័ពនៃប្រទេសទាំងពីរ។
ឯកឧត្តមបន្តថា កន្លងមកកងទ័ពសិង្ហបុរី តែងបានជួយបណ្តុះ បណ្តាល នាយទាហានវ័យក្មេងកម្ពុជា ហេតុនេះឯកឧត្តមក៏បានស្នើឱ្យសិង្ហបុរី បន្ត ផ្តល់ការគាំទ្រលើវិស័យហ្វឹកហ្វឺន តាមរយៈការបណ្តុះបណ្តាល ធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទឱ្យកាន់តែមានគុណភាពបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ដាវីដ ណេអូ មេបញ្ជាការ កងទ័ពជើងគោកសិង្ហបុរី បានគាំទ្រចំពោះការវាយតម្លៃខ្ពស់ លើ កិច្ចសហប្រតិបត្តិការរបស់កងយោធពលខេមរភូមិន្ទកន្លងមក ខណៈ លោកក៏បានបញ្ជាក់ពីជំហរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាង កងទ័ព ទាំងពីរបន្ថែមទៀតនាពេលអនាគតផងដែរ។
លោក ដាវីដ ណេអូ ក៏បានឱ្យដឹងដែរថាតាមរយៈលទ្ធផល នៃជំនួប ជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេ បញ្ជាការ កងទ័ពជើងគោក បានពិភាក្សាអំពីប្រធានបទមួយចំនួន ដូចជា ការ ផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើលំហាត់ និងការរៀបចំ ផែនការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកប្រទេសទាំងពីរទៅថ្ងៃអនាគតជាដើម។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ទំនាក់ ទំនង ការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះ បរមរតន កោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតស្ថាបនិក សិង្ហបុរី លោក លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹង និងរីកចម្រើនជាបន្តបន្ទាប់។
តាមរយៈកិច្ចប្រជុំទ្វេភាគីខាងលើនេះអគ្គមេបញ្ជាការកម្ពុជា នៃកង យោធ ពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក៏បាន បង្ហាញការប្តេជ្ញារួមគ្នាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ រវាង កង ទ័ពប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាបាននូវសុខ សុវត្ថិភាព សន្តិសុខ ពិសេសឈានឆ្ពោះទៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងនោះវិស័យការពារជាតិទ្វេភាគី៕
ដោយ៖ សែម ពិសី