ការប្រកួតជើងឯកថ្នាក់ជាតិទ្រីយ៉ាត្លុង នឹងបង្កើនបានគុណភាពបន្ថែម សម្រាប់ ស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំនេះ

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីបង្កើនគុណភាពបច្ចេកទេស និងសិទ្ធផលអត្តពលិករបស់ខ្លួន ត្រៀមប្រជែងនៅព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣០ នាខែវិច្ឆិកា នៅប្រទេសហ្វីលីពីនឆ្នាំនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នាថ្ងៃទី២៥ដល់ទី២៧ ខែតុលាខាងមុខ នៅខេត្តកែប ។
អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បញ្ជាក់ថា  គ្រប់កីឡាករ កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុង ដែលត្រៀមស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ សុទ្ធតែ ត្រូវឲ្យចូលរួមប្រកួតបង្កើនគុណភាពបច្ចេកទេស នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះដូចៗគ្នា។ ដូច្នេះលោក ជឿជាក់ថា ការហ្វឹកហាត់តាមកម្មវិធីជារៀងរាល់ថ្ងៃ និងការចូលរួមប្រកួតក្នុងជើងឯកថ្នាក់ជាតិរបស់ខ្លួន នាខែ តុលា ខាងមុខនេះនឹងជួយឲ្យកម្រិតបច្ចេកទេសរបស់ក្រុមជម្រើសជាតិទាំងអស់កាន់តែខ្លាំងក្លាបន្ថែមទៀត។
អគ្គលេខាធិការរូបនេះបញ្ជាក់ថា សម្រាប់វិញ្ញាសាដាក់ឲ្យប្រកួតជើងឯកថ្នាក់ជាតិ គឺជាវិញ្ញាសាតាមស្តង់ ដារស៊ីហ្គេម ឬស្តង់ដារអន្តរជាតិ ដូចជាវិញ្ញាសា ទ្រីយ៉ាត្លុង (Spring Triathlon) បុរសនារី មិនកំណត់អាយុ ដែល ត្រូវហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ប្រណាំង ៥គីឡូម៉ែត្រ។ រីឯវិញ្ញាសា ឌូអាត្លុង មិនកំណត់ អាយុ ដោយត្រូវរត់ប្រណាំង ១០គីឡូម៉ែត្រ ជិះកង់ ៤០គីឡូម៉ែត្រ និងបន្តរត់ប្រណាំង ៥គីឡូម៉ែត្រ។ ២វិញ្ញាសា នេះគឺជាវិញ្ញាសាកម្រិតខ្ពស់ ដែលសហព័ន្ធមិនអនុញ្ញាតឲ្យកីឡាករ កីឡាការិនីមិនគ្រប់លក្ខណៈបច្ចេកទេស ចូលរួមប្រកួតឡើយ ពីព្រោះថា បើអនុញ្ញាតឲ្យចូលប្រកួតអាចបង្កការគ្រោះថ្នាក់ដល់ពួកគេទៅវិញ ។
សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ នៅខេត្តកែបនេះនឹងប្រើប្រាស់កញ្ចប់ ថិវកាជាតិរបស់ក្រសួង អប់រំ យុវជន និងកីឡា ដែលការផ្តល់កញ្ចប់ថវិកានេះ គឺក្នុងគោលបំណងបណ្តុះបណ្តាល ធនធានថ្នាលកីឡាករ កីឡាការិនី លើប្រភេទកីឡានានា ឈានឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣០ នាឆ្នាំ ២០២៣ ខាងមុខ នៅកម្ពុជា ។
សូមបញ្ជាក់ថា ចំពោះអត្តពលិកទ្រីយ៉ាត្លុងកម្ពុជាត្រៀមស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ គឺត្រូវប្រកួតលើ៣ វិញ្ញាសា រួមមាន៖ វិញ្ញាសាជាក្រុមបណ្តាក់ចម្រុះទ្រីយ៉ាត្លុង ដែលត្រូវហែលទឹក៣០០ម៉ែត្រ បូកជិះកង់ ៦,៦ គីឡូ ម៉ែត្រ និងរត់១គីឡូម៉ែត្រ ខណៈវិញ្ញាសា២ទៀត គឺស្តង់ដារ ឌូអាត្លុង ឯកត្តជនបុរស-នារី ដែលត្រូវរត់ ១០គីឡូ ម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner