ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ពាន់នាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ អន្តរ ជាតិ កោះពេជ្រ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើ ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប ខ័ណ្ឌ នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍ អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង ៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង ២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង ដើរ តួនាទី យ៉ាង សំខាន់ក្នុង ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់ ការសិក្សាពីវិទ្យា ស្ថាន បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង នោះ បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ មិន មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។ បច្ចុប្បន្ន វិទ្យាស្ថានមានគណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកចំនួន ៤៧៨នាក់ នារី ១៤៨នាក់។

ក្នុងនោះសាស្រ្តាចារ្យ មាន សញ្ញាបត្របណ្ឌិតចំនួន ៩៥នាក់។ ឆ្នាំសិក្សា២០២២-២០២៣ វិទ្យាស្ថាន កំពុងបណ្ដុះបណ្ដាលនិស្សិតសរុប ៧,៨៦០នាក់ នារី ២,៥៦៨នាក់។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទីតាំងភ្នំពេញ មាននិស្សិតសរុប ៧,៧៤៧នាក់ នារី ២,៥២១នាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ មាននិស្សិតកម្រិត វិស្វករ សរុប ១១៣នាក់ នារី ៤៧នាក់។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានបានបោះពុម្ពចំនួន ៤៨៤ អត្ថបទស្រាវ ជ្រាវ នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិល្បីៗរបស់ពិភពលោក។ ទន្ទឹម នឹងនេះ វិទ្យាស្ថានបាននិងកំពុងអនុវត្តគម្រោងសហប្រតិបត្តិការ បច្ចេកទេស ជាមួយ ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំនិងស្រាវជ្រាវ និងសាកលវិទ្យាល័យអន្តរជាតិនានា ដើម្បីបន្តលើកកម្ពស់សមត្ថភាព ស្ថាប័ន ការបណ្តុះបណ្តាល និងការស្រាវជ្រាវឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner