អ្នកកាសែតរ៉យទ័រពីរនាក់ ត្រូវបានគេបន្លំខ្លួនតាម អនឡាញដើម្បី ទាក់ទងជាមួយសកម្មជនចិន

ចិន៖ អ្នកកាសែតបម្រើការឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រពីរនាក់ ត្រូវ បានជនមិនស្គាល់មុខ ក្លែងបន្លំខ្លួនតាមបណ្ដាញសង្គម ដើម្បីចូល រួមជាមួយសកម្មជនចិនលើវេទិកាអនឡាញផ្សេងៗគ្នាអស់រយៈពេលជាច្រើនខែ។

ការក្លែងបន្លំរបស់អ្នកកាសែតទាំងពីររូប ដែលរួមមានប្រធាន ការិយាល័យ ប្រចាំក្រុងសៀងហៃ លោក Brenda Goh និង អ្នកឆ្លើយឆ្លងព័ត៌មានពីក្រុងហុងកុង លោកស្រី Jessie Pang បានចាប់ផ្តើមនៅចុងខែវិច្ឆិកាឆ្នាំមុន និងធ្វើឡើងនៅលើវេទិកានានា ដូចជាអ៊ីនស្តាក្រាម និងកម្មវិធីផ្ញើសារតេឡេក្រាម។

អ្នកក្លែងបន្លំប្រើវិធីនេះ ធ្វើស្វែងរកព័ត៌មានអំពីក្រុមដែលពាក់ព័ន្ធនឹង ការតវ៉ាជាច្រើនក្នុងខែតែមួយប្រឆាំងនឹងការគ្រប់គ្រងកូវីដដ៏តឹងរ៉ឹងរបស់ចិន។ នេះបើយោងតាមរូបថតពីអេក្រង់ទូរស័ព្ទ(ស្រ្គីនសត) និង គណនីជាច្រើនដែលផ្តល់ទៅឱ្យរ៉យទ័រ។

សកម្មជនចិនម្នាក់ដែលរ៉យទ័រមិនបង្ហាញឈ្មោះ បានអះអាងថា មានជនក្លែងបន្លំធ្វើលោក Goh បានទាក់ទងជាមួយលោករយៈពេល ដល់ទៅបីខែ តាមតេឡេក្រាម។
ចំណែកឯសកម្មជន និងជាសិល្បករប្រឆាំងជនជាតិចិន ដែលរស់នៅ អូស្ត្រាលី លោក Badiucao វិញ បានបង្ហាញពីករណីក្លែងបន្លំ ខ្លួននេះ ជាលើកដំបូងកាលពីថ្ងៃសៅរ៍លើបណ្ដាញសង្គមធ្វីតទ័រ។

លោក Badiucao បានសរសេរថា លោកត្រូវបានគេទាក់ទង តាមតេឡេក្រាម ដោយជនដែលបន្លំខ្លួនជាលោកស្រី Pang ដោយសុំព័ត៌មានលើវេទិកាអនឡាញ Citizens Daily ដែល ចែករំលែករូបសិល្បៈឆ្លុះបញ្ជឹងពីការប្រឆាំងតវ៉ា។ លោក Badiucao ដែលជាអ្នកគូររូបថ្លុកនយោបាយដ៏ល្បីមួយរូប បានបន្ថែមថា ជនក្លែងបន្លំធ្វើឱ្យគេជឿទុកចិត្តខ្លួន តាមរយៈការផ្តល់ ព័ត៌មានលម្អិតអំពីប្រវត្តិរបស់លោកស្រី Pang និងការងារថ្មីៗរ បស់លោកស្រី។

ក្រោយមកទៀត លោក Badiucao មានការ សង្ស័យចំពោះការ ប្រើប្រាស់ភាសា និងសំណួរដែលចោទឡើងដោយជនក្លែងបន្លំ ទើបលោកសុំឱ្យមានការទាក់ទងតាមគណនីធ្វីតទ័រផ្លូវការរបស់លោកស្រី Pang វិញ។

ប៉ុន្តែជនក្លែងបន្លំថា គណនីផ្លូវការនោះមានក្រុមការងារនៅរ៉យទ័រជា អ្នកគ្រប់គ្រង ហើយផ្ញើប័ណ្ឌកំណត់អត្តសញ្ញាណរបស់លោកស្រី Pang ដែលអស់សុពលភាពមកវិញ។
ទោះយ៉ាងណាក៏ដោយ គេមិនដឹងថានរណានៅពីក្រោយខ្នងការ ក្លែងបន្លំបែបនេះទេ ខណៈគណនីបណ្ដាញសង្គមរបស់អ្នក កាសែត រ៉យទ័រទាំងពីរ ក៏មិនត្រូវបានគេហែក។ អ្នកនាំពាក្យរ៉យទ័រថា ស្ថាប័ន កំពុងពិនិត្យមើលរឿងនេះ ហើយនឹងចាត់វិធានការសមស្រប។ ចំណែកឯអ្នកនាំពាក្យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ អ៊ីនស្តាក្រាម បានលុបគណនីរបស់ជនបន្លំខ្លួន ប៉ុន្តែក្រុមហ៊ុននេះ និងតេឡេក្រាមមិនបានអត្ថាធិប្បាយយ៉ាងណាទេ។ អ្នកគ្រប់គ្រងនៅវេទិកា Citizens Daily បានអះអាងដោយមិន បញ្ចេញឈ្មោះថា ខ្លួនសង្ស័យថារដ្ឋចិនមានការពាក់ព័ន្ធនឹង ការ ក្លែងបន្លំនេះ។

ចំណែកក្រសួងការបរទេស រដ្ឋបាលតាមអ៊ីនធឺណិត និង ការិយាល័យ សន្តិសុខសាធារណៈរបស់ចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការ អត្ថាធិប្បាយលើការអះអាងរបស់ Citizens Daily ឬការក្លែងបន្លំ ខ្លួនធ្វើអ្នកកាសែតនោះទេ។

គួរបញ្ជាក់ថា Citizens Daily គឺជាបណ្តាញចែកចាយព័ត៌មានក្នុង ចំណោមក្រុមបាតុករក្នុងអំឡុងបាតុកម្មកាលពីខែវិច្ឆិកា នៅទីក្រុងជា ច្រើន របស់ចិន ប្រឆាំងនឹងគោលនយោបាយសូន្យកូវីដរបស់ រដ្ឋាភិបាល ដោយបាតុករខ្លះ ថែមទាំងបានអំពាវនាវឱ្យប្រធានាធិបតី ស៊ី ជិនពីង ចុះចេញពីដំណែក និងបញ្ចប់ការគ្រប់គ្រងរបស់បក្ស កុម្មុយនីស្ត ទៀតផងនាពេលនោះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Reuters reporters’ online accounts faked to approach China activists https://www.reuters.com/business/media-telecom/reuters-reporters-online-accounts-faked-approach-china-activists-2023-02-28/

ads banner