ប្រធានាធិបតីបារាំងចូលរួមកិច្ចប្រជុំកំពូលស្តីពីការ ការពារព្រៃឈើ នៅប្រទេសហ្គាបុង

លីប្រេវីល៖ លោកប្រធានាធិបតីបារាំង ម៉ាក្រុង (Macron) និងប្រធានាធិបតីប្រទេសហ្គាបុង លោក បនហ្គោ (Bongo) បានចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ ស្តីពីការការពារព្រៃឈើ ក្នុងពេលពេលដែលមេដឹកនាំបារាំង បំពេញទស្សនកិច្ចនៅប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិក។

ប្រធានាធិបតីបារាំង លោក មែនូអែល ម៉ាក្រុង (Emmanuel Macron) បានមានវត្តមានស្ថិតនៅក្នុងទីក្រុង លីប្រេវីល ប្រទេសហ្គាបុង ជាមួយសមភាគី ហ្គាបុង គឺលោកប្រធានាធិបតី អាលី បនហ្គោ អនឌីមបា (Ali Bongo Ondimba) និងប្រមុខរដ្ឋបណ្តាប្រទេសនៃតំបន់អាហ្វ្រិកកណ្តាលមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការការពារព្រៃត្រូពិច កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ពោលគឺនៅពេលដែលលោក ម៉ាក្រុង ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ នៅក្នុងតំបន់អាហ្វ្រិកកណ្តាល។

លោក ប្រធានាធិបតីហ្គាបុង បនហ្គោ (Bongo) បាននិយាយ នៅឯកិច្ចប្រជុំកំពូលស្តីពី «ព្រៃឈើតែមួយ» ដែលសហការរៀបចំ ដោយប្រទេសបារាំង និងហ្គាបុងថា “គ្មានការវិនិយោគណាប្រសើរជាងថ្ងៃនេះទេ ជាងការវិនិយោគ នៅក្នុងព្រៃឈើរបស់យើង”។

នៅក្នុងកិច្ចប្រជុំនាពេលនោះដែរ លោកប្រធានាធិបតីបារាំងបានដាក់ចេញនូវផែនការសកម្មភាព រួមទាំងថវិកាចំនួន ១០០ លានអឺរ៉ូសម្រាប់ប្រទេសនានា “ដើម្បីពន្លឿនយុទ្ធសាស្រ្តរបស់ពួកគេក្នុងការការពារកាបូន និងទុនបម្រុងជីវចម្រុះសំខាន់ៗ” ។ លោក Macron បាននិយាយថា លោកនឹងស្វែងរក “ការដាក់ទុនធម្មជាតិត្រឡប់មកវិញ ជាបេះដូងនៃសេដ្ឋកិច្ចរបស់យើង” ។

មេដឹកនាំបារាំងរូបនេះបានមានប្រសាសន៍ថា “យើងតែងតែនិយាយអំពីរាប់ពាន់លាន នៅក្នុងកិច្ចប្រជុំកំពូលរបស់យើង ប៉ុន្តែមនុស្សមើលឃើញតិចតួច នៅលើដី ពីព្រោះប្រព័ន្ធមិនល្អឥតខ្ចោះ” លោកបាននិយាយបន្ថែម ការអំពាវនាវឱ្យប្រទេសដែលរក្សាព្រៃឈើ ត្រូវមានលក្ខណៈល្អិតល្អន់ ដើម្បីទទួលបានសំណង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner