បាតុករហុងកុងប៉ះទង្គិចគ្នាជាមួយប៉ូលិស ក្នុងការទាមទារឱ្យកាត់ទោសក្រុមជនអន្ធពាល ដែលឆ្មក់វាយបាតុករនៅផ្លូវរថភ្លើងក្រោមដី
ហុងកុង៖ ក្រុមបាតុករហុងកុងរាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃពុធសប្តាហ៍នេះ នៅស្ថានីយរថភ្លើងក្រោមដីជាយក្រុង ជាទីដែលក្រុមបាតុកររងការវាយប្រហារពីសំណាក់ក្រុមអន្ធពាលកាលពីខែមុន ដើម្បីសម្តែងការខឹងសម្បារយ៉ាងខ្លាំងដែលគ្មាននរណាម្នាក់ត្រូវបានកាត់ទោសពីបទប្រើអំពើហិង្សា។
បើតាមសារព័ត៌មានចិន CGTN ក្រុមបាតុករពាក់ម៉ាស់មុខខ្លះបានប៉ះទង្គិចជាមួយប៉ូលិសក្នុងស្ថានីយរថភ្លើងក្រោមដី ដោយបាញ់បំពង់ពន្លត់អគ្គីភ័យចេញពីខាងក្នុងស្ថានីយ Yuen Long ខណៈដែលអ្នកផ្សេងទៀតបានចាក់ខ្លាញ់ឆាលើកម្រាលឥដ្ឋ ដើម្បីបញ្ឈប់ប៉ូលិសកុំឱ្យរុលទៅមុខបាន។
ប្រភពបន្តថា បាតុកម្មខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីខឹងសម្បាររបស់ក្រុមបាតុករ បន្ទាប់ពីកាលពីថ្ងៃទី២១ ខែកក្កដា ក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង១០០នាក់ពាក់អាវយឺតពណ៌ស និងប្រដាប់ដោយដែកទីប ព្រមទាំងដំបង បានវាយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលគ្មានអាវុធ និងស្លៀកពាក់ខ្មៅនៅឯស្ថានីយរថភ្លើងក្រោមដី Yuen Long នៅជិតព្រំដែនប្រទេសចិន។ ការវាយប្រហារនោះ បានបណ្តាលឱ្យមនុស្សជិត៥០នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ខ្លះក៏មានរបួសផងដែរ៕ធ.ដ



