អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកប្រកាសថា សហរដ្ឋអាម៉េរិកនឹងបើកដំណើរការ ទីបញ្ជាការយោធាថ្មីផ្នែកអវកាសនាសប្តាហ៍ក្រោយ
សហរដ្ឋអាម៉េរិក៖ ទីបញ្ជាការយោធាថ្មីផ្នែកអវកាស នឹងលេចរូបរាងឡើងនៅសប្តាហ៍ក្រោយ។ នេះបើតាមការបង្ហើបឱ្យដឹងពីអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផែន ក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិផ្នែកអវកាសរបស់សហរដ្ឋអាម៉េរិក។
ទីបញ្ជាការយោធាថ្មីផ្នែកអវកាសនេះ អាចចាត់ទុកបានថា ជាការបោះជំហានចាប់ផ្តើមដំបូង ដើម្បីឆ្ពោះទៅរកការបង្កើតកងទ័ពអវកាសរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំ២០២០ខាងមុខ។ ទីបញ្ជាការនេះដែរ នឹងទទូលបន្ទុកលើប្រតិបត្តិការការពារជាតិពាក់ព័ន្ធទីអវកាស ហើយវានឹងជាទីបញ្ជាការយោធាទី១១ របស់អាម៉េរិក រួមជាមួយទីបញ្ជាការយោធាជាច្រើនទៀត ដែលទទួលបន្ទុកបម្រើមុខងារ និងបន្ទុកប្រចាំតំបន់ភូមិសាស្រ្តជាក់លាក់ណាមួយ។
បើតាមការគ្រោងទុកនោះ ពិធីដាក់ឲ្យដំណើរការទីបញ្ជាការខាងលើ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែសីហានេះ ដោយវានឹងមានមន្រ្តីបម្រើការសរុបចំនួន៨៧នាក់ នៅក្រោមការទទួលខុសត្រូវរបស់លោក ចន រ៉េម៉ន់ ដែលបច្ចុប្បន្នជាប្រធានទទួលបន្ទុកប្រតិបត្តិការផ្នែកអវកាសនៅក្នុងកងទ័ពអាកាសអាម៉េរិក៕ធ.ដ


