អ្នកនាំពាក្យព្រឹទ្ធសភាគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមផ្តន្ទាទោសជនជាប់ចោទ កឹម សុខា

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពី អំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងញ្ញត្តិគាំទ្របានសរសេរថា យើងខ្ញុំសូមគាំទ្រចំពោះសាលក្រមកាត់ក្តី ផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេស ការធានាបាននូវភាពម៉ឺងម៉ាត់ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ស្របតាមច្បាប់ និងនិតិ វិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបាន រួមចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។

យើងខ្ញុំ សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈ បដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ យើងខ្ញុំសូមប្ដេជ្ញានិងចូលរួមការពារដាច់ខាតនូវ សុខសន្តិភាពរបស់ប្រទេសជាតិជានិច្ចនិរន្តរ៍តរៀងទៅ៕

ads banner