ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលវលាសមរម្យនោះទេ ពីព្រោះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្ត ហើយរាល់ពេលទាំងនោះ គឺសុទ្ធតែមានភាពវិជ្ជមាន។ លោកអ្នកអាចធ្វើការងារនានា តាមការគ្រោងទុក ប៉ុន្តែមិនត្រូវឈានជើងដោយភាពមិនប្រាកដប្រជានោះទេ។ ការជឿទុកចិត្តលើពាក្យសំដីរបស់អ្នកដទៃត្រូវមានកំរិត ហើយបើអាចសូមកុំពាក់ព័ន្ធចំពោះការងារទាំងឡាយណាដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក លោកអ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារណាមួយក៏នឹងបានសម្រេចដែរ។ ហេតុដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុននានាដែលកើតឡើងក្នុងថ្ងៃនេះ។ ដោយឡែក ទំនោររាសីថ្ងៃនេះមានពាក់ព័ន្ធនឹងការងារជាក្រុមជាជាងការងារម្នាក់ឯង ដូច្នេះអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានជិតស្និតជាមួយដៃគូជំនួញ ឬមនុស្សនៅក្នុងក្រុមការងារ។ ផ្ទុយទៅវិញ ភាពអសកម្មតូចតាចអាចកើតឡើងរវាងទំនាក់ទំនងនោះផងដែរ​​។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុកឡើយ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះសូមបន្តធ្វើកិច្ចការដែលមានក្នុងដៃសិន ពីព្រោះការផ្លាស់ប្តូរ និងការបណ្តាក់ទុនមិនអាចទទួលបានផលល្អប្រសើរនោះទេ។

ឆ្នាំថោះ                                

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកមានសកម្មភាពចម្រើនលូតលាស់ណាស់ក្នុងពេលនេះ។ ក្នុងនោះដែរ ប្រសិនបើអ្នកជួប្រទះនូវភាពលំបាកមួយចំនួនសូមចងចាំថា អ្វីៗនឹងបានប្រសើរឡើងវិញក្នុងពេលដ៏ខ្លួ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភនាំរំខានដល់អារម្មណ៍ឡើយ។ ដោយឡែកលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមក្នុងការពិនិត្យ និងវាយតម្លៃគម្រោងការងារកន្លងមក និងត្រូវកែប្រែខ្លះឲ្យស្របនឹងស្ថានភាពបច្ចុប្បន្ន។ ក្រៅពីនេះ លោកអ្នកនឹងអាចស្វែងយល់ស្ថានការណ៍បានល្អ ប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ លើសពីនេះ លោកអ្នកអាចចាប់ផ្តើមកិច្ចការងារថ្មីបានយ៉ាងពេញទំហឹងផងក្នុងពេលនេះ។ ភាពលំបាកមួយចំនួនក្នុងថ្ងៃនេះ គឺទិន្នន័យការងារដែលមានភាពច្របូកច្របល់ ហេតុដូច្នេះប្រសិនបើអ្នកចង់ឲ្យការងារសម្រេចទៅបានរលូន សូមព្យាយាមប្រតិបត្តិការងារតែមួយទើបប្រសើរ។ ក្រៅពីនេះ សូមកុំទុកចិត្តមនុស្សពេក ប្រយ័ត្នចាញ់បោក បញ្ឆោតគេ។ យកល្អគួរមានដែនកំណត់សម្រាប់ខ្លួនឯង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបរបបប្រតិបត្តិការការងារ ប៉ុន្តែវាជារឿងធម្មតានោះទេមិនចាំបាច់ត្រូវមកតានតឹង ឬខ្វល់ខ្វាយឡើយ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះ លោកអ្នកនឹងទទួលបាននូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកត្រូវសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងឲ្យបានល្អ មិនដូច្នេះទេជម្លោះរវាងមិត្តរួមការងារ និងថ្នាក់លើអាចកើតឡើងបាន។ ប៉ុន្តែទោះបីអ្នកអាចមានស្ថានភាពយ៉ាងនេះក្តី គឺអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានភាពបានត្រឹមត្រូវ និងទាញការសន្និដ្ឋានយ៉ាងសមស្រប។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា  ភាពចំណេញ និងការភ្ញាក់ផ្អើលលើសលុបនៅមិនទាន់អាចកើតឡើងទេក្នុងវេលានេះ។ សូមប្រឹងប្រែង និងបន្តការងារដែលលោកអ្នកកំពុងអនុវត្តឲ្យបានល្អ។ រាសីថ្ងៃនេះ ធានានូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអាជីពនៃក្នុងអនាគតដ៏ខ្លី។ ក្នុងរយៈថ្ងៃនេះ ប្រសិនបើអ្នកចង់ទទួលបានរីកចម្រើនខ្លាំង សូមគិតគូរពីវិធីសាស្រ្តអនុវត្តការងារ នោះបញ្ហាប្រទាក់ក្រឡាមួយចំនួននឹងបាត់បង់ទៅដោយងាយ។ ដោយឡែក សូមរក្សាចិត្ត និងអាកប្បកិរិយា និងរក្សា គម្លាតពីបញ្ហារបស់អ្នកដទៃ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួទលបានសញ្ញាណវិជ្ជមានចំពោះលាភសំណាងជាច្រើន អ្វីដែលសំខាន់តើលោកអ្នកមានប្រតិកម្មចំពោះលាភសំណាងទាំងនោះដោយរបៀបណាប៉ុណ្ណោះ។ ភាពអសកម្មជាច្រើនក្នុងថ្ងៃនេះ​ គឺបណ្តាលមកពីភាពឆេវឆាវ និងការប្រងើយកន្តើយរបស់អ្នកក្នុងការអនុវត្តការងារ។ ដូច្នេះប្រសិនបើអ្នកអាចកែប្រែចំណុចអវិជ្ជមានផ្ទាល់ខ្លួនបាន នោះលោកអ្នកនឹងទទួលបានលាភធំណាស់។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងមានកិច្ចសហការ ឬបង្កើតការងារការងារថ្មី នោះនឹងមានលទ្ធភាពពេញ លេញបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់ ហើយនឹងមានការគាំទ្រ និងផ្គត់ផ្គងច្រើនពីបណ្តាមនុស្សនៅជុំវិញខ្លួន។ ក្នុងវេលានេះប្រសិនបើអ្នកមានគម្រោងពិភាក្សា ឬចរចាកិច្ចការងារនោះនឹងទទួលបានទិន្នផលយ៉ាងវិជ្ជមាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរបានវែងឆ្ងាយ និងត្រឹមត្រូវ។ ប្រការនេះ លោកអ្នកគួរមានទំនុកចិត្តលើខ្លួន ហើយព្យាយាមប្រើប្រាស់អំណោយផលក្នុងថ្ងៃនេះឲ្យអស់លទ្ធភាព។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចាកចេញ សូមមានគ្នីគ្នា ប្រយ័ត្នមានផលលំបាក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកាមានភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ នៅរវាងពេលព្រឹក អ្នកអាចទទួលបានដំណឹងនៃការប្រែប្រួលខ្លះ​ ប៉ុន្តែមិនបាច់ត្រូវបារម្ភទេ អ្នកមានមនុស្សជួយជ្រោមជ្រែងដោះស្រាយបានល្អ។ ក្នុងនោះ បើទោះបីជាស្ថានភាពវិជ្ជមាននៅក្នុងគន្លងផ្លូវរបស់អ្នកក្តី សូមកុំបោះបង់ការខំប្រឹងប្រែង។ ដោយឡែក លោកអ្នកមិនគួរបញ្ចេញគំនិតយោបល់ច្រើនពេកទេ ប្រយ័ត្នមានការលំបាកចំពោះខ្លួនឯង។ ក្នុងនោះ ចំពោះបំណងនឹងការចាកចេញគួរមានភាពច្បាស់លាស់ ក្រែងមានភាពអវិជ្ជមានខ្លាំង ចំពោះដំណើរការនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងអាចជួបប្រទះនូវបញ្ហា ឬស្ថានភាពតឹងតែង ជាពិសេសជាមួយថ្នាក់លើតែម្តង។ ការជឿទុកចិត្តបានបាត់បង់ ក៏ព្រោះតែការយល់ច្រលំខ្លះៗ ដូច្នេះសូមរកពេលវេលាណាមួយដើម្បីកែប្រែស្ថានការណ៍នេះ ឬអ្នកគួរចំណាយពេលវេលាឲ្យបានច្រើនបំពេញការងារឲ្យចប់សព្វគ្រប់។ ដោយឡែក សម្រាប់បញ្ហាសុខភាព អ្នកគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងទាក់ទងនឹងប្រព័ទ្ធរំលាយអាហារ។ ក្នុងពេលដំណាលគ្នានេះ គួរកុំបង្ហាញមុខមាត់ច្រើនពេក យកពេលវេលាបំពេញការងាររបស់ខ្លួន ហើយដឹងទទួល ខុសត្រូវចំពោះតួនាទីជាការគ្រប់គ្រាន់។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ឆ្លូវ ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការដោះស្រាយបញ្ហា និងការចរចា។ ក្នុងនោះ កិច្ចសហការអាចមានអំណោយផលល្អប្រសើរ ប៉ុន្តែទាមទារកាពិនិត្យពិច័យ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner