ពាណិជ្ជកម្ម និងវិនិយោគ គឺជាប្រធានបទសំខាន់នៃទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅប្រទេសវៀតណាម
នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោក Scott Morrison បានចាកចេញពីមាតុប្រទេសហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ។
លោក Morrison ដែលបានក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីខែសីហា ឆ្នាំ២០១៨ នឹងបំពេញទស្សនកិច្ចលើកដំបូងនៅបារាំង ដើម្បីចូលរួមកិច្ចប្រជុំ G7 ឬកិច្ចប្រជុំបណ្តាមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងទាំង៧ មុនពេលដែលលោកត្រូវបន្តដំណើរទៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ដើម្បីជជែកពីកិច្ចការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមុនពេលចាកចេញពីប្រទេស លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបាននិយាយថា «កិច្ចប្រជុំនឹងផ្តោតលើការពង្រឹងសន្តិសុខសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការប្រជាជននិងប្រជាជន ជាពិសេស ការពង្រីកឱកាសវិនិយោគនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ»។ បើតាមរបាយការណ៍ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាមកាលពីឆ្នាំ២០១៧ មានតម្លៃ១២,៨ពាន់លានដុល្លារអូស្ត្រាលី ឬ ប្រមាណ៨,៧ពាន់លានដុល្លារអាម៉េរិក៕ធ.ដ


