ប្រមុខការទូតវេណេស៊ុយអេឡា ថ្កោលទោសសហរដ្ឋអាម៉េរិក ចំពោះការគំរាមដាក់ ទណ្ឌកម្មបិទខ្ទប់ចរាចរណ៍ផ្លូវទឹក
វេណេស៊ុយអេឡា៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ចច អារៀហ្សា បានលើកឡើងថា ប្រទេសលោកប្រកាសថ្កោលទោសសហរដ្ឋអាម៉េរិកយ៉ាងខ្លាំង ចំពោះការគំរាមដាក់ទណ្ឌកម្មបិទខ្ទប់ចរាចរណ៍ផ្លូវទឹក ប្រឆាំងនឹងវេណេស៊ុយអេឡា។ ប្រតិកម្មរបស់ប្រមុខការទូតវេណេស៊ុយអេឡារូបនេះ កើតមានឡើងក្រោយសារព័ត៌មានអាម៉េរិក Axios news រាយការណ៍ថា លោក ដូណាល់ ត្រាំ មានបំណងបញ្ជូនកងនាវាអាម៉េរិកឱ្យទៅឈរជើងនៅតំបន់ឆ្នេរសមុទ្រវេណេស៊ុយអេឡា ដើម្បីបិទខ្ទប់កុំឱ្យរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើចរាចរណ៍នាំចេញ-នាំចូលទំនិញនានា។
ឆ្លើយតបនឹងចំណាត់ការរបស់សហរដ្ឋអាម៉េរិកខាងលើនេះ លោក ចច អារៀហ្សា បានបង្ហោះសារមួយលើបណ្តាញសង្គមធ្វីតធើថា យើងថ្កោលទោសទីក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការគំរាមកំហែងបិទខ្ទប់ចរាចរណ៍ផ្លូវទឹក និងប្រើប្រាស់កម្លាំងបាយប្រឆាំងប្រជាជនវេណេស៊ុយអេឡា៕ម.ន

