នាយករដ្ឋមន្រ្តីថៃ អំពាវនាវឲ្យប្រជាជនថៃចូលរួមការប្រយុទ្ធប្រឆាំងនឹងថង់ប្លាស្ទិក
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យប្រជាជនថៃទាំងអស់ ចូលរួមជួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅនៃការថែរក្សាសមុទ្រឲ្យស្អាតដោយគ្មានថង់ប្លាស្ទិក។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកូនសត្វជ្រូកទឹកកម្រមួយក្បាល ដែលទើបតែមានអាយុ៨ខែបានងាប់ ដោយសារស៊ីថង់ប្លាស្ទិកចូលពោះ។
លោក ប្រាយុទ្ធ បានអំពាវនាវដូចនេះដែរ នៅពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីធនធានធម្មជាតិថៃ លោក វ៉ារ៉ាវុធ ស៊ីលផា អាឆា និងអគ្គនាយកនៃនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរថៃ លោក ចាធូផន ប៊ូរ៊ូតផាត ដែលដឹកនាំក្រុមមន្ត្រីទៅវិមានរដ្ឋាភិបាល ដើម្បីជួបលោក ប្រាយុទ្ធ និងផ្តល់ព័ត៌មានអំពីយុទ្ធនាការកាត់បន្ថយ ទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីការពារជីវិតក្នុងសមុទ្រ។
ជាមួយនេះ មន្ត្រីមួយក្រុមនៃគណៈកម្មាធិការធនធានសមុទ្រជាតិថៃ ក៏បានរៀបចំសំណើមួយ ដើម្បីឲ្យគណៈរដ្ឋមន្ត្រីពិចារណាអំពីការកាត់បន្ថយអាត្រាការស្លាប់របស់សត្វជ្រូកទឹកពី២០ ទៅ៤៥ភាគរយ និងការបង្កើនចំនួនសត្វនេះយ៉ាងតិច៥០ភាគរយនៅដប់ឆ្នាំក្រោយ ខណៈបច្ចុប្បន្ននេះ មានសត្វជ្រូកទឹកត្រឹមតែ២៥០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងប្រទេសថៃ៕ម.ន
