អ្នកធ្វើការជំនាញគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលអំពាវនាវដល់ សប្បុរស ជនចូលរួមជួយសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីនៅតាមវិទ្យាល័យ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់ បណ្តា សប្បុរសជនទាំងឡាយជួយចូលរួមសាងសង់អន្តេវាសិកដ្ឋាន ឬកន្លែងស្នាក់នៅ សម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាម បណ្តាខេត្ត ជាពិសេសនៅតាមវិទ្យាល័យ និងទីជនបទ ដើម្បីលើកកម្ពស់ ការអប់រំដល់ស្ត្រី សម្រួលដល់ជីវភាពប្រជាជន និងកាត់បន្ថយគម្លាត វិស័យអប់រំ រវាងសិស្សស្រីនៅទីក្រុងនិងទីជនបទ។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ ខួបលើកទី១១២ នៅវិមាន សន្តិភាព នៅព្រឹកថ្ងៃទី៧ ខែមីនា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល កម្ពុជាមានប្រសាសន៍ថា ៖ «ខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិច ដើម្បីយើង ទាំងអស់ គ្នាធ្វើឱ្យក្លាយទៅជាចលនាជាតិ ថ្ងៃមុននៅទីនេះ ខ្ញុំបានដឹកនាំការ ប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី យើងបានដាក់ចេញទិសដៅនៅក្នុង កិច្ចការដែលត្រូវបន្តនោះគឺកិច្ចការយកចិត្តទុកដាក់កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី ដែលមិនមែនគ្រាន់តែជាការរៀបចំនៅទីក្រុងភ្នំពេញ នោះទេ ប៉ុន្តែក៏ត្រូវផ្តោតផងដែរ ទៅលើការយកចិត្តទុកដាក់នៅតាម បណ្តា ខេត្ត»។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា ៖ «ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះ សប្បុរសជន ទាំងអស់ចូលរួមក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្ស ជាស្ត្រី នៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយទូទាំងប្រទេសហើយ នៅកៀកតាមឃុំ តាមខេត្ត តាមស្រុក ក៏ប៉ុន្តែក៏នៅមានសិស្សមួយចំនួនក្រីក្រ មានការលំបាកខ្វះកន្លែងស្នាក់នៅ»។ការងារនេះគឺដើម្បីកាត់បន្ថយគម្លាតអប់រំរវាងអ្នកនៅទីក្រុង ទីប្រជុំជន និងទី ជនបទដាច់ស្រយាល ដើម្បីជំរុញឲ្យស្ត្រីនៅទីជនបទមានលទ្ធភាពអាច បន្តការ សិក្សា ដល់ថ្នាក់វិទ្យាល័យ និងឧត្តមសិក្សា ព្រោះឪពុកម្តាយមួយចំនួន តែង ព្រួយបារម្ភពីសុខសុវត្ថិភាពកូនស្រីខ្លួន។
សូមបញ្ជាក់ថា ត្រង់ចំណុចនេះដែរ កាលពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រីនៅថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាលបានប្រគល់ ការងារជុំវិញការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្ស និងនិស្សិតជានារី ក្នុងគោលដៅសម្រួលដល់ការរៀនសូត្រនៅរាជធានីភ្នំពេញ និងនៅតាមខេត្ត នានានេះ ទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកទទួលខុសត្រូវ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា គោលដៅ និងការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលជុំវិញការជំរុញការ សាង សង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីនេះជាការល្អ ដែលអាចជួយសម្រួល ជីវភាព ប្រជាជន និងជំរុញឱ្យមានកំណើនសិស្សស្រីក្នុងការអប់រំកម្រិតខ្ពស់ ដោយសារជាប្រពៃណីអាណាព្យាបាល ឪពុកម្តាយតែងបារម្ភពីសុវត្ថភាពកូន ស្រីខ្លួនក្នុងការធ្វើដំណើរឆ្ងាយ ជាដើម។
លោក ឈត ប៊ុនថង បានបញ្ជាក់ថា ៖ «ទាំងនេះជាការបង្ហាញពីការ យកចិត្ត ទុកដាក់ចំពោះស្ត្រី និងការជំរុញការអប់រំស្ត្រីដើម្បីពួកគាត់មានលទ្ធភាព ចូលរួម ក្នុងដំណើរសង្គម សេដ្ឋកិច្ច នយោបាយ និងវិស័យផ្សេងៗឱ្យ ដូចបុរសដែរ»។ លោកបានបន្តថា រដ្ឋាភិបាលគួរបង្កើនដើមទុន ឬកញ្ចប់ថវិកាសម្រាប់ កិច្ចការងារនេះជាមុន រួចបន្តកៀគររកថវិកាពីសប្បុរសជននានា ឬពី អង្គការសង្គមស៊ីវិល ពីមូលនិធិជាតិ អន្តរជាតិ ដើម្បីឱ្យ ផែនការនេះអាច សម្រេចទៅបានរហ័សនិងទាន់ពេលវេលា។
លោក ឈត ប៊ុនថង បានបន្ថែមថា ការអប់រំស្ត្រីពិតជាមានសារៈសំខាន់ ព្រោះស្រ្តីមានសមត្ថភាពមិនចាញ់បុរសប៉ុន្មានឡើយ ក្នុងកិច្ចការងារតាម វិស័យ នានា ហើយស្ត្រីថែមជាដៃគូរបស់បុរសនៅក្នុងសង្គមជីវភាពប្រចាំថ្ងៃ ជាភរិយា ជាម្តាយនៃកោសិកាសង្គម ដើម្បីកសាងសង្គមមួយដែលប្រសើរ និងសុខុដុមរមនា។
ពីជ្រុងសង្គមស៊ីវិល លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារ សិទ្ធិមនុស្ស អាដហុក(Adhoc) គាំទ្រសេចក្តីអំពាវនាវរបស់ ប្រមុខរដ្ឋា ភិបាលដើម្បីកាត់បន្ថយហានិភ័យ ឬបញ្ហាប្រឈមរបស់សិស្សស្រី ឬក្មេងស្រី ក្នុងការធ្វើដំណើររៀនសូត្រក្នុងរយៈឆ្ងាយពីផ្ទះសម្បែង និងជាការលើក ទឹកចិត្តដល់ក្មេងស្រីបន្តការសិក្សាផង ខណៈសង្គមកម្ពុជាតែងមាន ទស្សនៈ មិនចង់ឱ្យកូនស្រីនៅឆ្ងាយពីគ្រួសារព្រោះភ័យខ្លាចសុវត្ថិភាពកូនស្រីខ្លួន។
លោកបានប្រាប់ថា ៖ «ការលើកឡើងនេះជារឿងសមស្រប ហើយគួរធ្វើវា ជាបន្តបន្ទាប់ ទោះបីកន្លងមក មិនទាន់អនុវត្តបានល្អប្រសើរក្តី ប៉ុន្តែចាប់ពី ការលើកឡើងនេះ យើងសង្ឃឹមថា នឹងមានការអនុវត្តនៅតាមបណ្តា គ្រឹះស្ថានអប់រំ សាលារៀននានា ជារឿងដែលល្អប្រសើរមែនទែន»។
លោកសង្ឃឹមថា ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងក្លាយទៅជាចំណាត់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការយក ចិត្តទុកដាក់ពីមន្ត្រីនិងស្ថាប័នពាក់ព័ន្ធ ខណៈលោកនៅបន្តតាមដានលើរឿង នេះ។
សូមជម្រាបថា ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្ត ដាក់ ចេញនូវវិធានការនិងមធ្យោបាយសមស្របនានា ដើម្បីលើកកម្ពស់ការ សិក្សាសិស្សជានារី នៅកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ផងដែរ៕
ដោយ៖សំបាន ច័ន្ទដារ៉ា