សហព័ន្ធកីឡាហុកគី កំពុងជំរុញលើគុណភាពបច្ចេកទេសជម្រើសជាតិជាចម្បង ដើម្បីសម្រួចគោលដៅប្រជែង ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣០ នាចុង ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា សហព័ន្ធកីឡា ហុកគី កំពុងជំរុញលើគុណភាពបច្ចេកទេសតែលើក្រុមជម្រើស ជាតិជាចម្បង ជាពិសេសដើម្បីសម្រួចគោលដៅចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយក្រសួងអប់រំបានសម្រេចអនុញ្ញាតឲ្យក្រុមកីឡាការិនី ហុកគីចំនួន១២នាក់ គ្រូបង្វឹក២នាក់ និងថ្នាក់ដឹកនាំម្នាក់ ទៅចូលរួមប្រកួត។
ការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន យ៉ាងដូច្នេះក្នុង មហាសន្និបាតសហព័ន្ធកីឡាហុកគីកម្ពុជា បញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០១៩-២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធអះអាងដែរថា អាណត្តិមុនអ្វីដែលជាឧបស័គ្គ និងកង្វះខាត គឺការបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស ទីលាន ធនធានមនុស្ស ថវិកា ព្រមទាំងមធ្យោបាយទាក់ទងនឹង សហព័ន្ធអន្ដរជាតិ ពិសេសមិនមានការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រមូលផ្ដុំ ដែលរៀបចំក្រសួងអប់រំ យុវ ជន និងកីឡា ដែលជាមូលហេតុដ៏ចម្បងធ្វើឲ្យទើបកីឡាហុកគីមិនសូវមានសកម្មភាពដូចកីឡាដទៃ។
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា មានប្រសាសន៍ថា ពេលនេះ សហព័ន្ធហុកគី កម្ពុជាបានបញ្ចប់ អាណត្តិចាស់ទី២ និងបន្តអាណត្តិថ្មីទី៣ សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្នុងដំណើរឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ។ ការពិតការអភិវឌ្ឍវិស័យកីឡាជាក្រុម គឺមានការលំបាក និងមានការចំណាយថវិកាច្រើន ប៉ុន្តែយើងនៅមានសកមម្មជាបន្តបន្ទាប់ ដោយសារមានគ្រូ បង្វឹកជនជាតិបរទេស នៅជួយបង្វឹកដល់កីឡាករ កីឡាការិនីហុកគី និងការប្រកួតថ្នាក់តំបន់ ក៏នៅតែចូលរួមប្រកួត ជាប្រចាំ។ បច្ចុប្បន្ន ក្លឹបកីឡាហុកគី នៅតាមបណ្តាខេត្តនានា នៅរក្សាដដែល ដោយគ្រាន់តែយើងមិន បានរៀបចំការប្រកួតជើងឯក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានរៀបចំការប្រកួតមិត្តភាព នានា និងធ្លាប់ចេញទៅបង្កើនការហ្វឹកហាត់នៅប្រទេសថៃ ញឹកញាប់ផងដែរ។
សូមបញ្ជាក់ថា ចំពោះសមាភាពសមាជិកប្រតិបត្តិសហព័ន្ធកីឡាហុកគី អាណត្តិទី៣នេះ មានចំនួន១០ រូប រួមមាន៖ ឯកឧត្តម វ៉ាត់ ចំរើន ប្រធាន, លោក ញ៉ាន សុខវិសាល អនុប្រធាន, លោក កាំង សុធា អគ្គលេខា ធិការ, អ្នកស្រី ឈឿង សុវណ្ណភារម្យ អគ្គហិរញឹក, លោក Asif Rana ប្រធានបច្ចេកទេស និងអមដោយសមា ជិក គឺលោក អ៊ុង វុទ្ធី, លោក យ៉ង់ សាំងគី, លោក វ៉ាត់ ពន្លឺ និងលោក សម សឿន៕