រដ្ឋមន្ត្រីសាធារណការ និងរដ្ឋមន្ត្រីបរិស្ថាន ឯកភាពកសាងផ្លូវ និងស្ពានភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ (Video Inside)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយល់ព្រមជាមួយគ្នាលើការកសាងផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំប្រវែង៥៨គីឡូម៉ែត្រ។

តម្លៃនៃការសាងសង់នោះ នឹងគ្រោងក្នុងទំហំ២៥០លានដុល្លារ និងការសាងសង់នឹងកំណត់ចាប់ផ្តើមក្នុងឆ្នាំ២០២៤។ ក្នុងដំណើររួមគ្នាមួយចុះពិនិត្យទីតាំងធ្វើផ្លូវនិងស្ពានឆ្លងទន្លេតភ្ជាប់ពី ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ, លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោករដ្ឋមន្ត្រី សាយ សំអាល់ នៅថ្ងៃទី៩មីនានេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននូវគម្រោងដែលត្រូវសាងសង់នោះ។

យោងតាមគម្រោង, ស្ពានដ៏វែងមួយប្រវែង៣ពាន់៣០០ម៉ែត្រនឹងត្រូវកសាងឆ្លងកាត់ទន្លេ និងមានកសាងស្ពានដទៃទៀតប្រមាណចំនួន៥ និងមានដាក់លូចំនួន១០០លូ ដើម្បីជាច្រកផ្លូវសម្រាប់សត្វត្រីធ្វើដំណើរចេញចូលផងទៀត។

កម្ពុជាក្នុងសម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ការកសាងផ្លូវ, ស្ពានដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនគឺជាកត្តាអាទិភាពមួយ។ កម្ពុជាមិនមានឆ្នាំណាដែលទំនេរក្នុងការកសាង និងអភិវឌ្ឍន៍សមិទ្ធផលរបស់ខ្លួនឡើយ។ ក្នុងគម្រោងកសាងដែលបានដាក់ចេញនាពេលខាងមុខនេះ ក្រសួងសាធារណការបានឱ្យដឹងនូវគម្រោងធ្វើផ្លូវល្បឿនលឿនចំនួន២ថែមទៀត គឺផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣, ផ្លូវល្បឿនលឿនភ្នំពេញសៀមរាប និងការកសាង «ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ឆ្លងកាត់ទន្លេពីផ្សារចាស់ទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ និងស្ពាននេះ គ្រោងនឹងចាប់ផ្តើមបុកគ្រឹះសាងសង់ នៅចុងឆ្នាំ២០២៣នេះ។

ads banner