សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ១៦នាក់ ចូលរួមជីវភាពជាមួយ CPP (Video Inside)
សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ១៦នាក់ ដែលជាខ្មែរកម្ពុជាក្រោម បានប្រកាសផ្តាច់ខ្លួន និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោមលោក សឿង សុធានី ត្រូវបានគេដកស្រង់សម្តី ដែលបានថ្លែងនៅថ្ងៃទី៩មីនាថា ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺដោយសារមានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន លើគ្រប់វិស័យ។
លោក សឿង សុធានី បានជូនដំណឹងថា នៅមានសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង១០០នាក់ថែមទៀត ដែលកំពុងរស់នៅកម្ពុជាក្រោម ដែលគ្រោងនឹងដាក់ពាក្យស្នើសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេអស់ជំនឿ លើគណបក្សប្រឆាំង។
អតីតគណបក្សសង្គ្រោះជាតិ ត្រូវគេរាយការណ៍ថាដើម្បីប្រមែប្រមូលរកអ្នកគាំទ្រពីខ្មែរកម្ពុជាក្រោម បានសន្យាពូកគេថា នៅពេលដែលបានកាន់អំណាចនឹងរកលទ្ធភាពជួយតវ៉ាយកទឹកដីកម្ពុជាក្រោមឱ្យក្លាយជាទឹកដីរបស់ប្រទេសកម្ពុជាវិញ ដែលសម្តីកុហកនេះហើយ ជារឿយៗបានធ្វើឱ្យខ្មែរកម្ពុជាក្រោមខ្លះ បានលង់នឹងការជឿលើការឃោសនាអកុសលនេះ។