ព្រំ សំណាង ប្រកួតចាញ់លោក យិន សំអុល ក្នុងការប្រកួតបីនារីជាទីស្រឡាញ់ (Video Inside)
ពិធីបីនារីយករង្វាន់ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា បានរកឃើញអ្នកឈ្នះពិតប្រាកដរបស់ខ្លួន ដែលអាចទ្រាំទ្របីស្ត្រីជាទីស្រឡាញ់រហូតដល់រយៈពេលជាង៨ម៉ោង។
ពិធីបីនារី យករង្វាន់នេះ គឺជាល្បែងកំសាន្តលើកដំបូង ដែលគេទើបប្រទះឃើញក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ក្រុមហ៊ុន Boostrong ប្រព្រឹត្តទៅនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ យោងតាមអ្នករៀបចំការប្រកួត, មនុស្សដែលចូលរួមមានចំនួនប្រមាណ៥០០គូ ដែលគេតម្រូវឱ្យបុរសត្រូវបីស្ត្រី ជាភរិយាឬជាម្តាយ, ឬជាសង្សារណាដែលទ្រាំទ្រយូរជាងគេបំផុត ដើម្បីទទួលបាននូវពានរង្វាន់លេខ១, លេខ២ និងលេខជាបន្តបន្ទាប់។ យោងតាមលក្ខខណ្ឌការបីត្រូវឈរស្ងៀមមួយកន្លែងដោយមិនឱ្យកម្រើកខ្លួន និងមិនឱ្យរង្គើខ្លួនឡើយ។
តាមរយៈការចាប់ផ្តើមប្រកួតដែលមានតាំងពីម៉ោង៥ល្ងាចនោះមក, ក្នុងរង្វង់៥០០គូនោះ គឺមានគូចំនួន២តែប៉ុណ្ណោះ ដែលអាចទ្រាំយូរជាងគេដល់រយៈពេលជាង៨ម៉ោង។ គូដែលឈ្នះ ក្នុងរង្វាន់ទី១នោះ ឈ្មោះ យិន សំអុល ដែលមានដើមកំណើតពីខេត្តតាកែវ ដែលអាចទ្រាំទ្របី ដៃគូជាទីស្រឡាញ់របស់ខ្លួនមានរយៈពេល៨ម៉ោង១៧នាទី។ ចំណែកអ្នកឈ្នះទី២ឈ្មោះ ព្រំ សំណាង មកពីខេត្តកំពង់ស្ពឺ។ ព្រំសំណាង គឺជាកីឡាករប្រដាល់ល្បីល្បាញម្នាក់ដែលកំពុង មានប្រជាប្រីយ៍ភាពក្នុងប្រទេសកម្ពុជា។