ប៉ាគីស្ថាន ដាក់ពាក្យបណ្តឹងរឿងជម្លោះនៅតំបន់កាស្មៀរ ទៅតុលាការយុត្តិធម៌អន្តរជាតិ
ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថាន នៅថ្ងៃអង្គារ៍នេះ បានលើកឡើថា ខ្លួននឹងដាក់ពាក្យបណ្តឹងលើជម្លោះដែនដី កាស្មៀរ ជាមួយឥណ្ឌា ទៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈគម្រោងប្ដឹងនេះ ធ្វើឡើងក្រោយឥណ្ឌាលុបចោលឋានៈស្វ័យភាពពិសេសលើតំបន់កាស្មៀរកាលពីដើមខែសីហានេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ហ្សា ម៉េមូដ ក្រេសស៊ី បានបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងនឹងត្រូវធ្វើឡើង បន្ទាប់ពីមានការសិក្សាពីធាតុផ្សំនៃច្បាប់ជាមុនសិន។ ចំណែកការដាក់ពាក្យបណ្តឹងនេះ គឺប៉ាគីស្ថានចោទឥណ្ឌាថា បានរំលោភបំពានសិទិ្ធមនុស្សលើជនមូស្លីមក្នុងដែនដី កាស្មៀរ។
សូមបញ្ជាក់ថា ក្នុងករណីតុលាការយុត្តិធម៌អន្តរជាតិ ចេញសេចក្ដីសម្រេចអ្វីមួយនៅពេលបន្ទាប់ គឺគ្រាន់តែជាអនុសាសន៍តែប៉ុណ្ណោះ ពោលគឺគ្មានការចាប់បង្ខំណាមួយឡើយ។ ប៉ុន្តែបើមានការយល់ព្រមពីភាគីជម្លោះទាំងពីរ គឺប៉ាគីស្ថាន និងឥណ្ឌាទជាមុននោះ ការចេញសេចក្តីសម្រេចរបស់តុលាការ នឹងមានលក្ខណៈចាប់បង្ខំ៕ធ.ដ