សិស្សា ៥០ម៉ឺននាក់ខកខានការរៀនសូត្រ ព្រោះគ្រូធ្វើកូដកម្ម រឿងប្រាក់ឈ្នួល នៅអាមេរិក
ឡូស អេនជេឡេស៖ សាលារៀននានានៅក្នុងក្រុង ឡូស អេនជេឡេស នៃសហរដ្ឋអាមេរិកត្រូវបានបិទទ្វារ ខណៈគ្រូបង្រៀនធ្វើកូដកម្ម តវ៉ារឿងប្រាក់ឈ្នួលមិនសមរម្យ។ សាលារៀននៅទីក្រុង ឡូស អេនជឺលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) ត្រូវបានបិទទ្វា ខណៈដែលបុគ្គលិលអប់រំបានធ្វើបាតុកម្មទ្រង់ទ្រាយធំ។
កុមារជាង ៥០ម៉ឺននាក់បានខកខានការរៀនសូត្រ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយសារតែបុគ្គលិកសាលារៀនរដ្ឋនានា នៅក្នុងទីក្រុង ឡូស អេនជឺលេស មិនដំណើរការបង្រៀន រយៈពេលបីថ្ងៃ តវ៉ាជុំវិញប្រាក់ឈ្នួលដែលពួកចោទថា មិនសមរម្យ។
អ្នកបើកឡានក្រុង បុគ្គលិកហាងកាហ្វេ និងជំនួយការផ្នែកអប់រំពិសេស នៅតំបន់បណ្តុំសាលារដ្ឋ ស្ថិតក្នុងក្រុង ឡូស អេនជឺលេស (Los Angeles Unified School District) ដែលជាកន្លែងធំជាងគេទីពីរនៅសហរដ្ឋអាមេរិកបានធ្វើកូដកម្មលើអ្វីដែលពួកគេនិយាយថា “ប្រាក់ឈ្នួលនៃភាពក្រីក្រ”។
សហជីពបាននិយាយថា សមាជិកប្រហែល ៣ម៉ឺននាក់ នៃសហជីពគ្រូបង្រៀន យូណាយធីត ធីចឈឺ ឡូស អេនជឺលេស (United Teachers Los Angeles) មិនបានធ្វើការបង្រៀនតាមកាលវិភាគទេ ខណៈដែលសហជីពអះអាងថា សមាជិកជាច្រើនរបស់ខ្លួនរកចំណូលបានតិចជាង ២៥០០០ដុល្លារ ក្នុងមួយឆ្នាំ។
សមាជិកសភាអាមេរិក លោក អាដាម ស្ឈីហ្វ (Adam Schiff) មកពីភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានរៀបរាប់តាមបណ្តាញសង្គម ធ្វីតធឺ ថា “ការថែទាំសិស្ស គឺជាអាជីពដ៏មានអត្ថន័យបំផុត” ។
“ខ្ញុំឈរជាមួយអ្នកបើកបរឡានក្រុង អាណាព្យាបាល ជំនួយការគ្រូបង្រៀន និងអ្នកដទៃ… គ្មានអ្នកណាអាចរស់នៅបាន ២៥០០០ ដុល្លារទេ។ យើងត្រូវតែវិនិយោគលើសាលារៀន និងផ្តល់ប្រាក់ឈ្នួលសមរម្យ”។
ឡូស អេនជឺលេស គឺជាកន្លែងមួយក្នុងចំណោមកន្លែងរស់នៅថ្លៃបំផុតរបស់អាមេរិក ជាមួយនឹងពន្ធខ្ពស់ និងថ្លៃគ្រឿងទេស និងវិក័យប័ត្រប្រើប្រាស់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត