សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍អ្នកជំនាញកសិកម្មខ្មែរ២រូប ដែលរកឃើញពូជស្រូវ ២ប្រភេទ គឺ ពូជចំប៉ីស និង កងរី

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូក សរុប ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកជំនាញកសិកម្មខ្មែរ២រូប ដែលរកឃើញពូជស្រូវ ២ប្រភេទ គឺពូជចំប៉ីស (៧០) និងពូជកងរី ខណៈបច្ចុប្បន្ន កម្ពុជា មានពូជស្រូវប្រមាណ ១០ប្រភេទ ។

សម្ដេច បានបញ្ជាក់ថា ពូជចំប៉ីស (៧០) និងកងរី ត្រូវបានស្រាវជ្រាវរកឃើញដោយលោកបណ្ឌិត អ៊ុក ម៉ាការ៉ា និងលោកបណ្ឌិត ឃុន លាងហាក់។

ជាមួយគ្នានេះ សម្ដេចតេជោ បានសាទរចំពោះការស្រាវជ្រាវបច្ចេកទេសជាបន្តបន្ទាប់ ដែលផ្សារភ្ជាប់នឹងការដាំដុះ ហើយសម្ដេច នឹងបំពាក់មេដាយ ផ្នែកស្រាវជ្រាវ ជូនលោកបណ្ឌិតទាំងពីរ ផងដែរ ។

សូមបញ្ជាក់ថា កម្ពុជា មានពូជស្រូវប្រមាណ ១០ប្រភេទ។ ពូជស្រូវទាំង១០នេះ ត្រូវបានចែកចេញជា ៣ប្រភេទ គឺ ១-ប្រភេទស្រូវមិនប្រកាន់រដូវមានចំនួន៣ពូជ, ២- ប្រភេទស្រូវកណ្តាល មានចំនួន៤ពូជ និង ៣-ប្រភេទ ស្រូវធ្ងន់មានចំនួន ៣ពូជ។ ចំពោះប្រភេទស្រូវកណ្តាល និងស្រូវធ្ងន់ គឺសុទ្ធតែជាពូជ ដែលបានបង្កើតឡើងតាមបច្ចេកទេស ពីពូជស្រូវក្នុងស្រុកទាំងអស់ ។

ដោយឡែក ប្រភេទស្រូវស្រាល ចំនួន៣ពូជ គឺបង្កាត់នៅអ៊ីរី ហើយធ្វើការជ្រើសរើស និងបញ្ចេញជាពូជ តាមបច្ចេកទេសដោយអង្គភាពជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា – Cambodian Agricultural Research and Development Institute (CARDI) ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner