ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ យើងទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះ វិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព ចំណេះដឹង និងក្រមសីសធម៌ខ្ពស់។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកទេសជាន់ខ្ពស់» និង«ពិធីប្រគល់សញ្ញាបត្រជូននិស្សិត»នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងន័យនេះ ការធ្វើទំនើបនីយកម្មលើវិស័យអប់រំនិងបណ្តុះបណ្តាល ទាំងលើជំនាញរឹង និងជំនាញទន់ ត្រូវបោះជំហានពីសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងឧបករណ៍ សម្ភារនានា។ លើសពីនេះ ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីធានានូវទំនើបនីយកម្ម និងភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាទស្សនផ្ទាល់ខ្លួន ចំពោះវិស័យការងារ និងជំនាញវិជ្ជាជីវៈ គឺថារដ្ឋាភិបាលមានភារកិច្ចក្នុងការពង្រីកឱកាសការងារឱ្យបានច្រើនលើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តល់ជូនពលរដ្ឋគ្រប់រូបនូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និងមុខវិជ្ជារៀនសូត្រទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកបរបរតាមចំណង់ចំណូលចិត្តរបស់ខ្លួន រីឯប្រជាពលរដ្ឋវិញ មានសិទ្ធិជ្រើសរើសនូវមុខវិជ្ជា និងជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រ ដោយពុំបារម្ភអំពីទីផ្សារការងារ ឬអាចប្តូរជំនាញឱ្យស្របតាមតម្រូវការនៃទីផ្សារការងារដែលមានស្រាប់ ឬខិតខំបង្កើតឱកាសទីផ្សារថ្មីសម្រាប់ជំនាញ និងផលិតផលដែលគាត់បង្កើតបាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងបន្តបើកចំហសិទ្ធិក្នុងការប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមជាមួយគ្នាធ្វើការប្រឹងប្រែងយកអស់គ្រប់លទ្ធភាពក្នុងការបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner