លោក ត្រាំ អះអាងថា នឹងជ្រើសរើសលោក ម៉ៃ ភែន ជាបេក្ខជនអនុប្រធានាធិបតីដដែល សម្រាប់យុទ្ធនាការបោះឆ្នោតអាណត្តិថ្មី នៅឆ្នាំ២០២០
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា រូបលោកនឹងជ្រើសរើសលោក ម៉ៃ ភែន ធ្វើជាបេក្ខជនអនុប្រធានាធិបតីដដែល សម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
ការលើកឡើងបែបនេះរបស់លោក បានធ្វើឡើងស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ខណៈលោក ត្រាំ បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតឡើងវិញជាផ្លូវការនៅទីក្រុង អូឡេនដូ រដ្ឋ ផ្លូរីដា កាលពីពាក់កណ្តាលខែកក្កដា មកហើយដែរ។
សូមជម្រាបផងដែរថា សង្គ្រាមពាណិជ្ជកម្ម ការរាំងខ្ទប់ជនអន្តោប្រវេសន៍ និងការតម្កល់ផលប្រយោជន៍សហរដ្ឋអាម៉េរិកជាធំ នឹងនៅតែជាគោលនយោបាយដ៏សំខាន់ សម្រាប់ការដណ្តើមប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ៕ធ.ដ