ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ប្រកាសពីការធ្វើតេស្តមីស៊ីលបញ្ជាទិសចម្ងាយមធ្យម ក្រោយចាកចេញពីសន្ធិសញ្ញា INF
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃចន្ទនេះ បានប្រកាសអំពីការធ្វើតេស្តមីស៊ីលបញ្ជាទិសចម្ងាយមធ្យមមួយគ្រាប់ ខណៈការសាកល្បងនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។
បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ មីស៊ីលខាងលើនេះ ត្រូវបានបាញ់សាកល្បងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ចេញពីកោះសាន់នីកូឡាស ដែលគ្រប់គ្រងដោយកងទ័ពជើងទឹកអាម៉េរិក នៅឯឆ្នេរទីក្រុង ឡូសអាន់ជេឡេស រដ្ឋកាលីហ្វ័រញ៉ា។
ប្រភពដដែលបន្តទៀតថា មីស៊ីលនេះ គឺជាប្រភេទមីស៊ីលបញ្ជាទិសមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមានឈ្មោះ Tomahawk។ ប្រភេទមីស៊ីល Tomahawk នេះទៀតសោត ត្រូវបានដកចេញពីកងយោធា បន្ទាប់ពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ត្រូវបានផ្តល់សច្ចាប័ន៕ធ.ដ