ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្លាយជាជើងឯក ការប្រកួតកីឡាវាយសីដណ្តើម ពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសីលើកទី៥ ឆ្នាំ២០១៩
ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានគ្រងតំណែងជើងឯកដោយដណ្តើមបានមេដាយមាសចំនួន៣គ្រឿង រីឯក្លិបកីឡាវាយសីព្រះខ័នរាជ ទទួលបានត្រឹមជើងឯករងដណ្តើមបានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង និងលេខ៣សមាគមកីឡាវាយសីខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង។
លេខ៤សមាគមកីឡាវាយសីខេត្តមណ្ឌលគីរី ដណ្តើមមេដាយមាស១គ្រឿង និងសមាគមកីឡាវាយសីខេត្តប៉ៃលិន ឈ្នះមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង រីឯសមាគមកីឡាវាយសីខេត្តកំពង់ចាម ឈ្នះមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង។ ដោយឡែកសមាគមកីឡាវាយសីខេត្តររតនគិរីឈ្នះមេដាយប្រាក់១គ្រឿង រីឯក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិ និងក្លិបកីឡវាយសីរាជធានីភ្នំពេញឈ្នះមេដាយសំរឹទ្ធិ១គ្រឿងដូចគ្នា។
គួរឲ្យដឹងថា ការប្រកួតនេះ បានបិទបញ្ចប់ជាផ្លូវការក្រោមវត្តមាន ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងមន្ត្រីបច្ចេកទេស សមាជិកសមាជិការប្រតិបត្តិកីឡាករ កីឡាការិនី ជាច្រើនរូប នៅទីលានសហព័ន្ធកីឡាវាយសីកម្ពុជាក្នុងបរិវេនពហុកីឡដ្ឋានជាអូឡាំពិក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។
ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់នេះ បង្កើតឡើងអស់រយៈពេលជាង៤ឆ្នាំមកហើយ ក្នុងគោលដៅបំផុសកៀរគរផ្សព្វផ្សាយអភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជាឲ្យរីកចំរើន ដើម្បីផលិតបាននូវធនធានឆ្នើមល្អសម្រាប់សហព័ន្ធក្នុងការត្រៀមប្រជែងដណ្តើមមេដាយពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសីលើកទី៥ ឆ្នាំ២០១៩ នឹងដំណើរការប្រកួតផ្លូវការ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការប្រកួតលើ៦វិញ្ញាសា មានក្លិបចូលរួមប្រកួតចំនួន១៨ក្លិប កើនឡើងចំនួន៣ក្លិប និងកីឡាករការិនីចូលរួមសរុបចំនួន១៣៩នាក់ ខណៈដែលឆ្នាំ២០១៨ កីឡាករការិនីចូលរួមមានតែ១២២នាក់ ហើយកាលពីឆ្នាំកន្លងទៅការប្រកួតដណ្តើមពានរង្វាន់មួយនេះមានតែ៥វិញ្ញាសាប៉ុណ្ណោះ៕ធ.ដ