ណាតូរិះគន់វោហាសាស្ត្រនុយក្លេអ៊ែររបស់មេដឹកនាំរុស្ស៊ី ថាគ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ
ណាតូ៖ អង្គការណាតូកាលពីថ្ងៃអាទិត្យ បានរិះគន់វោហាសាស្រ្តនុយក្លេអ៊ែររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថាប្រកបដោយ «គ្រោះថ្នាក់» និង «គ្មានទំនួលខុសត្រូវ»។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីលោក ពូទីន លើកឡើងថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅបេឡារុសទាំងប្រដូចផែនការនេះទៅនឹងការដាក់ពង្រាយអាវុធរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប និងអះអាងទៀតថា វានឹងមិនបំពានលើការសន្យាមិនរីកសាយភាយនុយក្លេអ៊ែររបស់ខ្លួននោះទេ។
ស្របពេលដែលក្រុងវ៉ាស៊ីនតោនដែលជាមហាអំណាចនុយក្លេអ៊ែរពិភពលោក ហាក់មិនសូវព្រួយបារម្ភពីបញ្ហាចុងក្រោយនេះ អង្គការណាតូបាននិយាយថា ការសន្យាមិនរីកសាយភាយអាវុធរបស់លោក ពូទីន និងការពិពណ៌នារបស់លោកអំពីការដាក់ពង្រាយអាវុធរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស គឺជារឿងមិនត្រឹមត្រូវនោះទេ។
បន្ថែមពីលើការរិះគន់ថា «គ្រោះថ្នាក់» និង «គ្មានទំនួលខុសត្រូវ» អ្នកនាំពាក្យរបស់អង្គការណាតូ លោក Oana Lungescu បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យថា៖ «ការនិយាយសំដៅរបស់រុស្ស៊ីចំពោះការដាក់ពង្រាយនុយក្លេអ៊ែររបស់ណាតូ គឺជាការយល់ច្រឡំទាំងស្រុង»។ លោក Lungescu បាននិយាយថា៖ «រុស្ស៊ី តែងតែរំលោភលើការសន្យាស្ដីពីអាវុធរបស់ខ្លួន»។
អ្នកនាំពាក្យអង្គការណាតូ ដដែល បានសរសេរថា៖ «យើងមិនបានឃើញការប្រែប្រួលណាមួយជុំវិញឥរិយាបថនុយក្លេអ៊ែររបស់រុស្ស៊ី ដែលនឹងនាំឱ្យយើងកែសម្រួលអាវុធរបស់យើងនោះទេ»។
ចំណែកឯទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ូឌីមៀរ ហ្សេលេនស្គី លោក Oleksiy Danilov បាននិយាយថា ផែនការរបស់រុស្ស៊ីក៏នឹងធ្វើឱ្យប្រទេសបេឡារុសមានអស្ថិរភាពផងដែរ។ លោកថា បេឡារុសត្រូវបានក្រុងមូស្គូចាប់ជាចំណាប់ខ្មាំង។
គួរបញ្ជាក់ថា អាវុធនុយក្លេអ៊ែរតាកទិក សំដៅទៅលើអាវុធនុយក្លេអ៊ែរខ្នាតតូច ដែលប្រើដើម្បីយកប្រៀបនៅទីសមរភូមិ ហើយវាមិនមានសមត្ថភាពកម្ទេចទីក្រុងមួយទាំងមូលនោះទេ។
ក្រោយការប្រកាសរបស់លោក ពូទីន ក្រសួងការបរទេសអ៊ុយក្រែនឯណោះវិញ បានអំពាវនាវឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយស្នើឱ្យសហគមន៍អន្តរជាតិ «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់» ដើម្បីទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។
ជាមួយគ្នានេះផងដែរសហភាពអឺរ៉ុបបានចូលរួមក្នុងការថ្កោលទោសកាលពីថ្ងៃអាទិត្យ ដោយប្រធានគោលនយោបាយការបរទេសរបស់ប្លុក លោក Josep Borrell បានជំរុញឱ្យបេឡារុស កុំទទួលយកការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ី ព្រោះនឹងរងទណ្ឌកម្មបន្ថែមទៀត។
បេឡារុស ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់រុស្ស៊ី បានទទូចសុំរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយូរមកហើយ។ ប៉ុន្តែជុំវិញការប្រកាសរបស់លោក ពូទីន ចុងក្រោយនេះ គេមិនទាន់ឃើញមេដឹកនាំប្រទេសចេញប្រតិកម្មយ៉ាងណានៅឡើយទេ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ NATO criticises Putin’s ‘dangerous and irresponsible’ nuclear rhetoric