អ្នកនាំពាក្យ គ.ជ.ប៖ ជប៉ុននឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសមកឃ្លាំមើលការដំណើរការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបពិភាក្សាការងារជាមួយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងផ្លាស់ប្ដូរយោបល់លើស្ថានភាពទូទៅនៃការបោះឆ្នោតនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។

ជំនួបពិភាក្សានេះ គឺតបតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈកំណត់ទូតចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យគ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា ភាគីជប៉ុនចង់បាននូវការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមប្រជាធិតេយ្យ។ ដូច្នេះ រដ្ឋាភិបាលជប៉ុន ក៏នឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសសម្រាប់ការបោះឆ្នោត នៅខែកក្កដា ខាងមុខនេះ។ ជាមួយគ្នានេះ ភាគីជប៉ុនក៏សហការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដើម្បីសង្កេតមើលក្នុងកិច្ចដំណើការបោះឆ្នោតនៅកម្ពុជាផងដែរ។ កន្លងមកនេះ ភាគីជប៉ុនបានជួយសម្ភារៈកុំព្យូទ័រ ហិបឆ្នោត និងរថយន្តជាដើម ដែលមានទំហំប្រាក់ជាង១៤ លានដុល្លារ ខណៈប្ចុច្បន្ននេះ ភាគីជប៉ុន ក៏នៅតែបន្តជួយ គ.ជ.ប តាមរយៈអង្គការ jica ក្នុងការបណ្តុះបណ្តាលនូវគ្រប់គ្រឹHស្ថានសិក្សាទាំងរដ្ឋ និងឯកជន ហើយក៏សន្យាបន្តជួយបន្ថែមទៀតសម្រាប់ការបណ្តុះបណ្តាលនេះ។ អ្នកនាំពាក្យបន្តថា ភាគីជប៉ុនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងដំណើការបោះឆ្នោតដែលគ.ជ.បរៀបចំកន្លងមកនេះ មានភាពសុក្រឹត្យ។

ចំណែកឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគជប បានមានប្រសាសន៍ថា គ.ជ.ប រៀបចំការបោះឆ្នោតដោយផ្អែកលើច្បាប់ និងបទបញ្ជា និងនិតិវិធី និងមានភាពលម្អិត និងអញ្ជើញភាគីពាក់ព័ន្ធនឹងដើម្បីតាមឃ្លាំមើលដំណើការបោះឆ្នោត ហើយប្រសិនជារកឃើញនូវចំណុចចន្លោះត្រង់ណា ឬភាពមិនប្រក្រតី អាចធ្វើការប្តឹងបាន ប៉ុន្តែការប្តឹងទៀត ក៏ត្រូវតែស្របទៅនឹងពេលវេលា ព្រមទាំងផ្អែកទៅលើភស្តុតាងជាក់ស្តែងចៀសវាងការគ្រាន់តែលឺសូរសំឡេង និងមិនមានសាក្សីពិតប្រកដ។ ប្រធាន គ.ជ.ប បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោត ឆ្នាំ២០២២-២០២៣ ប្រទេសជប៉ុនបានបញ្ជូនជំនាញការមួយរូប ដើម្បីប្រឹក្សាយោបល់ផ្នែកអប់រំអ្នកបោះឆ្នោត។ នាយកដ្ឋានជំនាញពាក់ពន្ធ័បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយជំនាញការ JICA ក្នុងការអប់រំ និងផ្សព្វផ្សាយ អំពីសារៈសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានអប់រំ ជូនសិស្ស និស្សិត និងនៅតាមក្រុង ស្រុក ខណ្ឌ ជូនភាគីពាក់ពន្ធ័។ ក្រៅពីនេះទៀត ប្រទេសជប៉ុនក៏បានផ្តល់វគ្គបណ្តុះបណ្តាលពាក់ពន្ធ័នឹងការបោះឆ្នោតជូនដល់មន្ត្រី គ.ជ.ប ដែលរួមមាន ការបណ្តុះបណ្តាលតាមប្រពន្ធ័អនឡាញ និងវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសជប៉ុន៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ads banner