អតីតប្រមុខការទូតកម្ពុជាស្នើបារាំងបញ្ជូនអ្នកអង្កេតការណ៍មកពិនិត្យ និងអង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដា
ភ្នំពេញ៖ អតីតប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា បញ្ជូនអ្នកអង្កេតការណ៍បារាំងមកជួយពិនិត្យ និងអង្កេតលើការបោះឆ្នោតជាតិនៅកម្ពុជា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការស្នើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Mr. PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពនិយាយភាសាអង់គ្លេសក៏ដោយ តែកម្ពុជានៅតែជាសមាជិកជិតស្និទ្ធក្នុងអង្គការហ្រ្វង់កូហ្វូនីនិយាយភាសាបារាំងតាំងពីការបង្កើតអង្គការនេះមក។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បញ្ជូនអ្នកអង្កេតការណ៍បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាសម្រាប់នៅខែកក្កដាខាងមុខនេះ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន បានបញ្ជាក់ថា នឹងមានក្រុមអ្នកអង្កេតការណ៍អ៊ឺរ៉ុបដែលអាចមកមុន៣ខែដើម្បីសង្កេតមើល។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា នៅឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ដែលសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទទួលពីបារាំង។ គួរតែស្ថានទូត សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំខួបអនុស្សាវរីយ៍នេះឱ្យបានល្អ សមស្រប និងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណដល់ប្រទេសបារំាង ដែលជាប្រទេសទី១ នៅអឺរ៉ុប ដែលបានទិញអង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានដំណើរការយ៉ាងសកម្ម ជិត៦០០លានដុល្លារក្នុងឆ្នាំ២០២២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានធ្វើការវាយតម្លៃខ្ពស់ពីការរួមចំណែករបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារំាង លើវិស័យអាទិភាពសំខាន់ៗ ដូចជា ការអភិវឌ្ឍន៍វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត និងការគំាទ្រគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាដើម។
គួរបញ្ជាក់ថា កាលបរិច្ឆេទជ្រើសរើសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ៖ពល័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង