រថយន្តសង្គ្រោះបន្ទាន់១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យ នៃជំនួយរបស់ចិនផ្តល់មកកម្ពុជា (Video Inside)
រថយន្តសង្គ្រោះបន្ទាន់ចំនួន១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យ នៃជំនួយរបស់ប្រទេសចិន បានផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាពលខ្មែរសម្រាប់ប្រើប្រាស់។ ពិធីប្រគល់ និងទទួល បានធ្វើនៅ ថ្ងៃទី២៧ មីនា នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថានេះជាមោទនភាពថ្មីមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិន បានផ្តល់រថយន្តសង្រ្គោះបន្ទាន់ចំនួន១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ដើម្បីពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
រថយន្តសង្រ្គោះបន្ទាន់ទាំងនេះ នឹងគ្រោងចែកជូនទៅមន្ទីរពេទ្យជាតិ ចំនួន៣គ្រឿង និងចែកទៅដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តចំនួន៤ ដែលរំពឹងថានឹងចូលរួមចំណែក ដល់ការផ្តល់សេវាថែទាំសុខភាព ជូនប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។