កម្ពុជា និងម៉ារ៉ុក បានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរកចុះការហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបី

​ភ្នំពេញ៖ កម្ពុជា និងម៉ារ៉ុក បានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរកចុះការហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនទាន់សម្រេចចំនួនបី។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក​កាលពី​ថ្ងៃទី២៧ ខែមីនា ​បានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីរ​បានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរកចុះការហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនទាន់សម្រេច។

កិច្ចព្រមព្រៀងដែលមិនទាន់សម្រេចទាំងនោះមាន​ចំនួនបី រួមមាន៖​ កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមករវាង ម៉ារ៉ុក និងកម្ពុជា, កិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេ​ចវេះពន្ធ និងការចៀសវាងពន្ធ រវាង និងកម្ពុជា និង​កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។

ឯកសារទាំងបីនេះ នឹងផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ច ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមូលដ្ឋានរឹងមាំសម្រាប់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អប្រសើរដែលភ្ជាប់ប្រទេសទាំងពីរទាំងកម្រិតនយោបាយ និងការទូត។

បើតាមក្រសួងការបរទេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក តបតាមការអ​ញ្ជើញរបស់ លោក Aziz AKHANNOUCH ប្រមុខរាជរដ្ឋាភិបាលម៉ារ៉ុក នាពេលខាងមុខ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី​២៩ ខែមីនា ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹង​ប្រទេសម៉ារ៉ុកនៅមានចំនួនតិចតួចនៅឡើយ និងមានកំណើនតិចតួច ​ដោយសារតែប្រទេសនេះស្ថិតឆ្ងាយពីកម្ពុជាពេក ​គឺស្ថិត​នៅ​​ក្នុង​ទ្វីប​អាហ្រ្វិក ដែលពិបាកក្នុងការដឹ​កជញ្ជូន។ ម្យ៉ាងវិញទៀត ផលិតផលដែលកម្ពុជានាំទៅម៉ារ៉ុក ជាផលិតផល​កសិកម្ម ខណៈដែលផលិតផលវាយនភណ្ឌមានតិចតួចនៅឡើយ ដែលនាំចូលតាមរយៈប្រទេសបារាំង និងប្រទេសមួយចំនួននៅអឺរ៉ុប ទៅកាន់ប្រទេសនេះ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម គាំទ្រ និងស្វាគមន៍ ចំពោះការវិនិយោគពីវិនិយោគិនមកពី​ប្រទេសម៉ារ៉ុក​ ដើម្បីពង្រីកកិច្ច​សហ​ប្រតិបត្តិ​​ការ​ទ្វេ​​ភាគីបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយគ្នានេេះឧកញ៉ា  លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់​ឱ្យដឹងនាថ្ងៃទី​២៩ ខែមីនា ថា ការបង្កើតទីផ្សារកាន់តែច្រើនកាន់តែល្អ ដោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសទៅកាន់ប្រទេសម៉ារ៉ុកនេះ​ គឺជាលទ្ធផលដ៏ល្អប្រសើមួយ ទាំងផ្នែ​កនយោបាយ និងសេដ្ឋកិច្ច។លោកបានបន្ថែមថា ក្រសួងបរទេសកម្ពុជា បានរៀបចំឱ្យមានតំណាងទូតសេដ្ឋកិច្ច ប្រចាំស្ថានទូត ដែលប្រការនេះ នឹងជួយជំរុញទំនាក់ទំនងល្អទាំងផ្នែកការទូត និងសេដ្ឋកិច្ចទ្វេភាគី ជាមួយប្រទេសម៉ារ៉ុក និងបណ្តាប្រទេសផ្សេងៗទៀត។

ឧកញ៉ាបានបញ្ជាក់ថា ៖ «នេះជាការពង្រីកទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ ដូចប្រសាសន៍សម្តេចធ្លាប់លើកឡើងថា​ ពង្រឹងខាងក្នុង ពង្រីកខាងក្រៅ ជាពិសេសផ្នែកសេដ្ឋកិច្ចនេះ ដែលអាចឈានដល់ការចុះកិច្ចព្រមព្រៀងផ្សេងៗទៀត ដោយនឹងអាចធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរកាន់តែរីកចំរើន»៕ដោយ៖វណ្ណ សុជាតា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner