វ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer នឹងបែងចែកទៅតាមគោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងវ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer ដែលបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែមីនា នឹងធ្វើការបែងចែកទៅតាមគោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួង។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលចុះទទួលវ៉ាក់សាំង ថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ដែលមានកម្មវិធីចាក់ថ្នាំ និងគណៈកម្មការចំពោះកិច្ច នឹងមិនទុកវ៉ាក់សាំងនេះយូរទេ។
លោកជំទាវបានប្រាប់ថា ៖ «ក្រសួងនឹងធ្វើការបែងចែកវ៉ាក់សាំងទាំងអស់នេះទៅដល់គ្រប់ខេត្ត និងទុកបែងចែកនៅថ្នាក់កណ្តាលដើម្បីចាក់ដូសជំរុញ ដែលយើងនៅតែបន្តចាក់ជារៀងរាល់ថ្ងៃមិនដែលខាននោះទេ»។
វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ដែលកម្ពុជាទទួលបានកាលពីយប់ថ្ងៃទី២៧ខែមីនានេះ សម្រាប់ចាក់ដល់មនុស្សអាយុចាប់ពី ១២ឆ្នាំ ទ្បើង របស់យន្តការកូវ៉ាក់ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលស្លូវ៉ាគី (Slovakia) និងហ្វាំងទ្បង់ (Finland)។
លោកជំទាវ យក់ សម្បត្តិ បានលើកឡើងថា វ៉ាក់សាំងជិត ៥០ ម៉ឺនដូស ក្នុងចំណោមចំនួន៥លានដូសដែលខាងយន្តការកូវ៉ាក់បានសន្យាថានឹងផ្តល់មកកម្ពុជាបន្ថែមទៀត ប៉ុន្តែចំពោះមុខនេះ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោកឱ្យទទួលយកបណ្តើរៗនូវវ៉ាក់សាំងទាំងនេះ។
មកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបទាំងវ៉ាក់សាំងបញ្ជាទិញ និងវ៉ាក់សាំងជាជំនួយពីប្រទេសជាមិត្តចំនួនជាង៥៤លានដូស។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានរំឭកផងដែរថា ជំងឺកូវីដ១៩មិនទាន់មានការថយចុះនៅឡើយទេនៅលើសកលលោកនេះ ដោយសារនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់នៅតែមានករណីស្លាប់ និងឆ្លងច្រើននៅឡើយ។
ទន្ទឹមនឹងនេះដែរ លោកជំទាវ យក់ សម្បត្តិ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋការពារជាប់ជាប្រចាំ ជាពិសេសគឺវិធានការ ៣ការពារ និង៣កុំ ដែលជាវិធានការដ៏សំខាន់ក្នុងការប្រយុទ្ធនឹងមេរោគនេះ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥១ភាគរយ៕
ដោយ៖នាង សុគន្ធា