កម្ពុជា ត្រូវបានអាស៊ានទទួលស្គាល់ថា ជាប្រទេសនាំមុខគេ លើអ្នកជំនាញទេសចរណ៍អាស៊ាន

ភ្នំពេញ ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមពិធីអបអរសាទរ “ទិវាជំនាញ ហូកា ឆ្នាំ២០២៣” ក្រោមប្រធានបទ “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក” សណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម ប៉ាក់ សុខុម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ របស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបានរំលេចនូវសមិទ្ធលទ្ធផលសំខាន់ៗប្រកបដោយផ្លែផ្កា ។ ជាពិសេសថ្លែងអំណរគុណចំពោះ លោក Rajiv Pradhan នាយកប្រចាំប្រទេសនៃអង្គការ ស្វីសខន់ថាក់ និងក្រុមការងារទាំងអស់ ដែលបានគាំទ្រហិរញ្ញវត្ថុ និងសហការយ៉ាងជិតស្និទជាមួយក្រសួងទេសចរណ៍ បណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រកបដោយប្រសិទ្ធភាព និងគុណភាព ពី 0៣ខេត្តនៅភូមិភាគឥសាន្ត រហូតដល់ ១០ខេត្តទូទាំងប្រទេសកម្ពុជា បានជាង ៣.០០០រូប ចាប់ពីឆ្នាំ២០១៦ដល់ ២០២២ ។

ឯកឧត្តម បន្តថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីគ្រប់ភាគីពាក់ព័ន្ធ។ ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee One Skill)” ដែល មានចក្ខុវិស័យ ធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់មានជំនាញ និងសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន។

ជាលទ្ធផលគួរឲ្យមោទនភាព កម្ពុជាត្រូវបានអាស៊ានទទួលស្គាល់ថា ជាប្រទេសនាំមុខគេ ក្នុងការអភិវឌ្ឍជំនាញ ក្នុងក្របខណ្ឌ នៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) លើមុខបរបរចំនួន ៦៤ ក្នុងសេវាកម្មសណ្ឋាគារ សេវាកម្មធ្វើដំណើរ និងក្នុងសេវាកម្មម៉ាស្សា-ស្ប៉ា ក្រោមដឹកនាំរបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ជាក់ស្តែងអំឡុងវិបត្តិជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ដល់សិក្ខាកាមសរុបចំនួនជាង ៥ម៉ឺននាក់ ដែលបានចុះឈ្មោះតាមប្រព័ន្ធ TPTD របស់ក្រសួងទេសចរណ៍ និងបានបន្តជំរុញការបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ទៅតាមគ្រប់យន្តការនិងមធ្យោបាយដែលបានដាក់ចុះ ជាអាទិ៍យន្តការនៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលយើងបានរៀបចំអបអរសាទរ ទិវាហូកា ឆ្នាំ២០២៣ នាឱកាសដ៏វិសេសវិសាលនេះ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner