ប្រធានាធិបតីបារាំង និងរុស្ស៊ី គ្រោងធ្វើកិច្ចពិភាក្សាទ្វេភាគីផ្តោតសំខាន់លើបញ្ហា ប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ និងស៊ីរី

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍សមភាគី រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់កិច្ចពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដែលទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ មកកាន់ប្រទេសលោកខាងលិច គឺជារឿងដ៏កម្រ បន្ទាប់ពីមានភាពតានតឹងកើនឡើង។

ក្រៅពីការជជែកគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំប្រទេសទាំងពីរត្រូវបានគេរំពឹងថា ក៏នឹងស្វះស្វែងរកមូលដ្ឋានរួមគ្នាមួយស្តីពីបញ្ហាតានតឹងមួយចំនួន ដែលក្នុងនោះរួមមានវិបត្តិនៅអ៊ុយក្រែន កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងស្ថានការណ៍នៅស៊ីរី។

បើតាមសារព័ត៌មានចិន CGTN លោក ម៉ាក្រុង នឹងទទួលស្វាគមន៍លោក ពូទីន នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) នៅឯរមណីយដ្ឋានលំហែកាយផ្លូវការរបស់លោកក្នុងតំបន់ ប្រេហ្កង់ខុន ភាគខាងត្បូងប្រទេសបារាំង មួយថ្ងៃមុនពេលរូបលោក ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរមកដល់របស់ម៉េដឹកនាំពិភពលោកដទៃទៀត សម្រាប់កិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង បៀរីត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែសីហាខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner