លោក ត្រាំ៖ នាយកក្រុមហ៊ុន Apple បង្ហាញការព្រួយបារម្ភដ៏សមហេតុផល ពាក់ព័ន្ធនឹងសង្គ្រាមដំឡើងពន្ធជាមួយចិន
សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក ធីម ឃុក បានគូសបញ្ជាក់នូវហេតុផលដ៏សមហេតុផលមួយ ដោយព្រួយបារម្ភថា ការដំឡើងពន្ធលើទំនិញបន្ថែមដែលនាំចូលមកពីចិន នឹងផ្តល់ប្រយោជន៍ធំដល់ក្រុមហ៊ុនកូរ៉េខាងត្បូង សាមសុង។ នេះបើតាមប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។
ក្នុងគ្រាដែលផលិតផលមួយចំនួនធំរបស់ Apple ត្រូវផលិតឡើងនៅក្នុងប្រទេសចិន ក្រុមហ៊ុន សាមសុង ដំឡើងផលិតផលខ្លួននៅតាមប្រទេសជាច្រើនខុសគ្នា រួមមានទាំងចិនផងដែរ។ ហេតុនេះគឺ សាមសុង នឹងរងការប៉ះពាល់តិចជាង Apple ដោយសារគម្រោងដំឡើងពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ ទៅលើទំនិញចិន ខណៈកិច្ចចរចាពាណិជ្ជកម្មជាថ្មីរវាងចិន និងសហរដ្ឋអាម៉េរិក នឹងត្រូវរៀបចំនៅខែកញ្ញាខាងមុខនេះ។
គួរបញ្ជាក់ថា ការលើកឡើងពីក្តីបារម្ភរបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple រូបនេះ បានធ្វើឡើងក្នុងឱកាសទទួលទានអាហារពេលល្ងាចជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់) នៅឯក្លិបវាយកូនហ្គោលរបស់ប្រធានាធិបតីអាម៉េរិកនៅក្រុង ប៊ែដមីនស្ទឺរ រដ្ឋញ៉ូវជែស៊ី៕ធ.ដ