រាជរដ្ឋាភិបាលប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការប្រាំម៉ឺនរៀល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ ប្រាំ ម៉ឺន រៀល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើ យោងតាមអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ។
ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាល សម្រេច៖
មាត្រា១៖ ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារ ក្រសួង មហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរ សវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបើកផ្ដល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការលេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីនៃការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិក អណ្តែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តន៍ជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាព ការងារ និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិល អតីតយោធិននៃ កងយោធពល ខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។ ចំពោះគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ត្រូវបានផ្ដល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងមួយគ្រួសារ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្ដល់សម្រាប់ម្នាក់ៗ ឬមួយគ្រួសារតែមួយ កន្លែងនិងមួយលើកប៉ុណ្ណោះ។
មាត្រា២៖ ការបើកផ្ដល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឱ្យបាន មុនថ្ងៃ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដោយត្រូវគោរព គោលការណ៍ ដូចខាងក្រោម៖
១. ការបើកផ្ដល់ប្រាក់ឧបត្ថម្ភដូចមានចែងក្នុងមាត្រា១ខាងលើ ត្រូវអនុវត្ត តាមគណនីបៀវត្សរបស់ សាមីជន ឬគ្រួសារជនពលីនិង គ្រួសារជនមរណៈ ជាអតីតយុទ្ធជន។ ២ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បាន បើក គណនី បៀវត្សរ៍សម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈ របស់ខ្លួន ត្រូវចាត់ចែងការបើកផ្ដល់ប្រាក់ឧបត្ថម្ភឱ្យបានដល់ សាមីជនម្នាក់ៗ គ្រប់ចំនួននិងទាន់ពេលវេលា។ ៣. និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្តី នគរបាលជាតិ កម្ពុជាដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ឬ មុខតំណែងផ្សេងទៀតដែលមាន បញ្ជាក់ ក្នុងអនុក្រឹត្យនេះ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើក ផ្ដល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ៤. ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការ បើក ផ្តល់ ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់ បញ្ចូលមុខសញ្ញនិវត្តជនក្នុង ចំណុច៣ខាងលើ។
មាត្រា៣៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការ និងចាត់ចែងរៀបចំការបើកផ្ដល់ ជាបុរេប្រទានសម្រាប់ប្រាក់ ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស ប្រចាំខែមេសាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរ បំផុតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ និងប្រាក់ឧបត្ថម្ភក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកផ្ដល់ប្រាក់បៀវត្សប្រចាំខែតុលា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
ក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកសំណើ ជាក់ស្តែងអំពីចំនួនមន្ត្រីដែល ត្រូវទទួលប្រាក់ឧបត្ថម្ភមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាការប្រញាប់ ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំ ប្រកាសបន្ថែមឥណទានថវិកាជូនទាន់ពេលវេលានិងធានាឱ្យការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះអនុវត្ត បានទាន់ពេលវេលា។
មាត្រា៤៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិង ប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ ដោយ៖ វណ្ណលុក


