សម្តេចប៉ាប ហ្រ្វង់ស៉ីស ចេញពីមន្ទីរពេទ្យវិញហើយ
រ៉ូម ៖ សម្តេចប៉ាប ហ្រ្វង់ស៉ីស យាងចេញពីមន្ទីរពេទ្យវិញ បន្ទាប់ពីទ្រង់ ទទួលការព្យាបាលជំងឺរលាកទងសួត។

សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស បានយាងចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទ្រង់បានចំណាយពេលអស់ប៉ុន្មានថ្ងៃនៅទីនោះ ដើម្បីទទួលការព្យាបាលជំងឺរលាកទងសួត។
មានបន្ទូល ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងលក្ខណៈលេងសើច មុនពេលទ្រង់យាងឡើងរថយន្តចាកចេញពីមន្ទីរពេទ្យ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ទ្រង់អះអាងថា «ខ្ញុំមិនបានភ័យខ្លាចអ្វីឡើយ ហើយខ្ញុំនៅមានជីវិតនៅឡើយទេ»។

សម្តេចប៉ាប ត្រូវបាគេនបញ្ជូនទៅកាន់មន្ទីរពេទ្យ ហ្គេមែលលី (Gemelli) នៃទីក្រុងរ៉ូម កាលពី៣ថ្ងៃមុន ក្រោយត្អូញត្អែរថាទ្រង់ពិបាកក្នុងការដកដង្ហើម។ បើតាមក្រុមវេជ្ជបណ្ឌិត សម្តេចបានឆ្លើយតបយ៉ាងល្អប្រសើរ ចំពោះវិធីសាស្រ្តព្យាបាល ក្នុងពេលប៉ុន្មានថ្ងៃសម្រាកនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលបច្ចុប្បន្នមានព្រះជន្មាយុ៨៦ព្រះវស្សា ត្រូវបាន អ្នកនាំពាក្យបុរីវ៉ាទីកង់ បានឱ្យដឹង កាលពីថ្ងៃសុក្រ ថា ទ្រង់នឹងយាងចូលរួមពិធីសាសនាមួយ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត