ប្រមុខការពារជាតិរុស្ស៊ីព្រមានជាថ្មីថា រុស្ស៊ីនឹងដាក់ពង្រាយមីស៊ីលដូចគ្នា បើសហរដ្ឋអាម៉េរិក ដាក់ពង្រាយមុន
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកនៅចុងសប្ដាហ៍នេះថា ទីក្រុងមូស្គូ នឹងមិនដាក់ពង្រាយមីស៊ីលណាមួយឡើយ បើសិនជាទីក្រុងវ៉ាស៊ីនតោន អនុវត្តន៍ការអត់ធ្មត់ដូចគ្នានេះនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី ក្រោយប្រទេសទាំងពីរដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ ប្រមុខការពារជាតិរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា យើងនៅតែប្រកាន់ជំហរដដែល បើសហរដ្ឋអាម៉េរិកមិនដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់អឺរ៉ុប យើងក៏នឹងមិនដាក់ពង្រាយមីស៊ីលដូចគ្នា។
សូមរំលឹកថា សហរដ្ឋអាម៉េរិក និងរុស្ស៊ី បានដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីដើមខែសីហាកន្លងទៅ បន្ទាប់ពីចោទគ្នាទៅវិញទៅមកថា បានរំលោភលើសិន្ធិសញ្ញានេះជាច្រើនលើក ។ INF គឺជាសន្ធិសញ្ញាមួយដែលហាមឃាត់ការដាក់ពង្រាយ និងអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែរ អាចបាញ់បានចម្ងាយចន្លោះពី៥០០ ដល់៥,៥០០ គីឡូម៉ែត្រ៕ធ.ដ