នៅសល់៣២ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៣២ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គិកីឡា បានធ្វើដំណើរដល់ប្រទេសទីម័រខាងកើត។
គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី៣ មេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៣២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។
ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមគ្រោងនឹងធ្វើនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោក្នុងជំនួបជាមួយក្រុមកីឡាករ ជាង៤ពាន់នាក់នៅថ្ងៃទី៣ មេសា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះជំនួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ។
នៅជាមួយគ្នានេះផងដែរ ព្រះអគ្គិជ័យកីឡាដែលដង្ហែរចេញពីកម្ពុជាបានធ្វើដំណើរដល់ទីក្រុង Dili នៃប្រទេសទីម័រខាងកើត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងត្រូវធ្វើការដង្ហែរវេលាថ្ងៃស្អែកទី៤មេសាដែលពិធីដង្ហែរនិងមានការរត់កាន់ភ្លើងគប់ផ្ទាល់ ដោយប្រធានាធិបតី នៃប្រទេសទីម័រខាងកើត។
ព្រះអគ្គីជ័យកីឡា នឹងបន្តទៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីចាកចេញប្រទេសទីម័រខាងកើត, និងបន្តទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់រាជធានីនៃប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។
ភ្លើងគុបកីឡា នឹងបន្តដង្ហែរបន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៩មេសារហូត ដល់ល្ងាចថ្ងៃទី៥ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ី ហ្គេមជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។