៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៣៤៨ករណី (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៣៤៨នាក់ ដែលថយចុះច្រើនរហូតដល់ ១ពាន់ ១៨៩ករណី ធៀបនឹងរយៈពេល៣ ថ្ងៃ ដូចគ្នាកាលពីសប្តាហ៍មុន ។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេស ចំនួន៦ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១ពាន់ ៣៥៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ២ករណីប៉ុណ្ណោះ ។ ប្រទេសម៉ាឡេស៊ី, កម្ពុជា, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៤២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ថៃ និងប្រទេសហ្វីលីពីន។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៦ម៉ឺន ៤ពាន់ ៥៧៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៧៦៧នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៤លាន ករណី, និងការស្លាប់មានជាង ៦លាន ៨៣ម៉ឺននាក់ ៕