បណ្តាញផ្លូវជាតិសំខាន់ៗបីខ្សែតម្លៃ៤០ លានដុល្លារ ក្នុងខេត្តក្រចេះចាប់ផ្តើមសាងសង់

ក្រចេះ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវបីខ្សែក្នុងខេត្តក្រចេះជាង ៩៨ គីឡូម៉ែត្រក្នុ​ង​តម្លៃ ៤០ លានដុល្លារ ត្រូវ​បា​នប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹក​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួ​យ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា,  ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និ​ងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា។​

ថ្លែងក្នុងពិធីបើកការដ្ឋានឯកឧត្តម ស៊ុន ចាន់ថុល ​ក៏​​បាន​លើកឡើងថា ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំងបីខ្សែនេះធ្វើឡើងដើម្បីឆ្លើយត​ប​ទៅ​នឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតផ្លូវ ​ពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀ​ងរាល់រដូវវស្សា។ កំណាត់ផ្លូវទាំងបីខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់។ ​

ឯកឧត្តមបន្តថា បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ (ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ៖ «ហេតុនេះផ្លូវនេះនឹងបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជា»។​

ជុំវិញការលើកឡើងនេះ លោកជំទាវ ម៉ែន សំអន ក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ជាច្រើនតាមរយៈការប្រកាសបើកការដ្ឋាននាពេលកន្លងមក។​

លោកជំទាវបានថ្លែង​ថា៖ «ការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ ​កំពុងនាំកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំ​ណូល​ខ្ពស់នៅឆ្នាំ២០៥០ផងដែរ»។​

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏​បានកោតសរសើរចំពោះក្រសួងសាធារណការ និង​ដឹកជញ្ជូន, ក្រ​សួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និ​ងធនាគារពិភពលោក ដែលបានជួយពន្លឿនដល់ការរៀបចំនីតិវិធី ដើម្បីជំ​រុ​ញគម្រោងផ្លូវទាំងបីខ្សែនេះ ឱ្យលេចចេញជារូបរាងឡើង។

លោកជំទាវក៏​បាន​ស្នើ​ឱ្យក្រុមហ៊ុនយកចិត្តទុកដាក់សាងសង់ធ្វើយ៉ាងណាឱ្យស្របតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់ដល់បរិស្ថាន ពិសេសការបង្ហូរនូវកាកសំ​ណល់​ធ្វើឱ្យប៉ះពាល់ដល់ទីជម្រកត្រីផ្សោតទន្លេមេគង្គ​ និងស្នើសុំការយោគយល់ អធ្យាស្រ័យពីសំណាក់​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ។​

គួរបញ្ជាក់ដែរថា បណ្តាញផ្លូវជាតិសំខាន់ៗបីខែ្សដែលបានបើកការដ្ឋានសាងសង់នេះ រួមមាន ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប៩៨,៤គីឡូម៉ែត្រ ។

 កំណាត់ផ្លូវជាតិលេខ៧៣មានប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ)។ ផ្លូវទាំងនេះ​ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)។​

ចំណែកឯ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។

ផ្លូវខេត្តទាំងពីរខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ – ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។​

ជាមួយគ្នានេះដែរ កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd។

ផ្លូវទាំងបីខែ្សនេះ គ្រោងចំណាយរយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកាសាងសង់សរុបប្រមាណ៤០លានដុល្លារអាមេរិកក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ៕ ​

ដោយ៖សែម ពិសី

ads banner