នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចិនបង្ហាញកង្វល់ជុំវិញគម្រោងថាមពលរបស់ម៉ាឡេស៊ីនៅសមុទ្រចិនខាងត្បូង
គូឡាឡាំពួ៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ទីក្រុងប៉េកាំងបានសម្តែងក្ដីព្រួយបារម្ភអំពីសកម្មភាពរបស់ក្រុមហ៊ុនរដ្ឋម៉ាឡេស៊ី ប៉េត្រូណាស់(Petronas) នៅសមុទ្រចិនខាងត្បូង ទោះបីជាទីគូឡាឡាំពួជឿថាគម្រោងទាំងនោះស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ខ្លួនក៏ដោយ។
ការបញ្ជាក់របស់លោក អាន់វ៉ា បែបនេះធ្វើឡើងនៅថ្ងៃទី០៤ខែមេសា បន្ទាប់ពីលោកបានបើកការចរចាជាមួយប្រទេសចិនកាលពីដើមសប្តាហ៍នេះ លើករណីដែលក្រុមថាមពលរបស់ប្រទេសម៉ាឡេស៊ី កំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង។
គេដឹងជាទូទៅថា ប្រទេសចិនធ្លាប់ទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល និងកំពុងមានជម្លោះជាមួយប្រទេសក្នុងតំបន់រួមមាន ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម អំពីបញ្ហាអធិបតេយ្យភាពដែនទឹកនេះ។
ក្រុមហ៊ុនប៉េត្រូណាស់ ប្រតិបត្តិការតំបន់ប្រេង និងឧស្ម័ននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ) របស់ប្រទេសម៉ាឡេស៊ី។
ឆ្លើយនឹងសំណួរជុំវិញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចំពោះមុខសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភថា «ក្រុមហ៊ុន Petronas បានធ្វើសកម្មភាព នៅក្នុងតំបន់ដែនទឹកដែលត្រូវបានទាមទារដោយប្រទេសចិន» ។ លោក អាន់វ៉ា បាននិយាយថា ៖«ខ្ញុំបានសង្កត់ធ្ងន់ … ថាម៉ាឡេស៊ីដឹងថាតំបន់នេះជាទឹកដីរបស់ម៉ាឡេស៊ី
ដូច្នេះក្រុមហ៊ុន Petronas នឹងបន្តសកម្មភាពរុករករបស់ខ្លួននៅទីនោះ» ។
ប៉ុន្តែម៉ាឡេស៊ីបើកចំហសម្រាប់ការចរចា ប្រសិនបើចិនយល់ថានេះតំបន់នោះជាកម្មសិទ្ធិរបស់ពួកគេ។ លោក អាន់វ៉ា បាននិយាយថាផ្អែកលើយន្តការអាស៊ាន ការទាមទារត្រួតស៊ីគ្នាគួរតែត្រូវបានដោះស្រាយដោយការចរចា។
ប៉េត្រូណាស់បដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ចំណែកឯស្ថានទូតចិននៅទីក្រុង គូឡាឡាំពួ មិនអាចរកការអធិប្បាយបានភ្លាមៗទេ។ កាលពីសប្តាហ៍មុនស្ថាប័នមួយរបស់អាមេរិក ដែលមានឈ្មោះថា
អង្គការគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) បាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្ររបស់ចិនបានបើកបរធ្វើនាវាចរ នៅទីតាំងអភិវឌ្ឍន៍ឧស្ម័ន Kasawari របស់ក្រុមហ៊ុន Petronas។ នាវាឆ្មាំសមុទ្រចិនបានបើកចូលទៅកៀកតំបន់នៅទីតាំងអភិវឌ្ឍន៍ឧស្ម័ន Kasawari ត្រឹមតែចម្ងាយជាងពីរគីឡូម៉ែត្រប៉ុណ្ណោះ។ AMTI បាននិយាយថា កប៉ាល់កងទ័ពជើងទឹកម៉ាឡេស៊ីមួយ ស្ថិតនៅក្នុងតំបនោះ។
ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបាននិយាយថា ពួកគេមិនបានដឹងអំពីឧបទ្ទវហេតុជាក់លាក់នេះទេ ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បាននិយាយថា ចិនជឿជាក់ថាកប៉ាល់របស់ខ្លួនស្ថិតនៅក្នុងដែនទឹកអន្តរជាតិ។លោក អាន់វ៉ា បាននិយាយថា ក្រសួងការបរទេសម៉ាឡេស៊ីនឹងចេញលិខិតតវ៉ាប្រសិនបើមាន “ការប៉ះទង្គិចគ្នា” រវាងនាវាម៉ាឡេស៊ី និងចិននៅទីនោះ៕
ដោយ៖វណ្ណ ស័ក្ដិ