ក្រសួងធនធានទឹកថា ស្ថានភាពធាតុអាកាសអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹងថា ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១១ ខែមេសា​ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ នៅតំបន់មាត់សមុទ្រ តំបន់ទំនាប និងតំបន់ទំនាបកណ្ដាល ខណៈអាជ្ញាធរ​ខេត្តតំបន់ទាំងនោះ បានត្រៀមរួចរាល់ ដើម្បីឆ្លើយតបទាន់ពេលវេលាក្នុងការសង្គ្រោះប្រជាពលដ្ឋ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកចុះថ្ងៃទី៤ខែមេសា ឆ្នាំ២០២៣នេះ ថាស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥-១១ខែមេសាអាចមានភ្លៀងធ្លាក់ដោយអន្លើពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយសារតែអំឡុងមួយសប្ដាហ៍ខាងមុខនេះកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប(ចិន)ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេ ហើយតំបន់នេះអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំពោះតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៧សេ ហើយតំបន់នេះអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក បាន​បន្ថែមថា ចំណែកតំបន់មាត់សមុទ្រ

មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ ហើយតំបន់នេះអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជុំវិញរឿងនេះលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ដោយសារខេត្តព្រះសីហនុ ជា​ រា​ល់ពេលអាជ្ញាធរខេត្តបានទទួលការជូនដំណឹងពីក្រសួង​ អាជ្ញាធរខេត្តតែងតែមានការចាត់ចែង ត្រូវធ្វើយ៉ាងណាឲ្យមា​នការផ្សព្វផ្សាយឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់មូលដ្ឋានទាំងអស់ ​ត្រូវតែខិតខំអស់ពីលទ្ធភាពក្នុង​​ផ្ស​ព្វផ្សាយព័ត៌មាន​ដល់បណ្ដាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធា​តុទាំងអស់នេះ ដើម្បីឲ្យប្រជាពលរដ្ឋពួកគាត់បានទទួលដឹងមុន និងត្រៀមលក្ខណៈ។ ក្រៅពីនេះទៀត លោកថា អាជ្ញាធរក៏នឹងជម្រាបព័ត៌មាន

និងណែនាំទៅដល់ប្រជានេសាទ ដោយសារសហគមន៍ប្រ​ជានេសាទនៅខេត្តព្រះសីហនុ វាក៏មានទំហំច្រើនដែរ ដែលកំពុងតែប្រកបមុខរបរនេសាទប្រចាំថ្ងៃនៅលើទូក នៅ​លើសមុទ្រផងដែរ ហេតុនេះការផ្សព្វផ្សាយព័ត៌មានពីធាតុអាកាសនេះ វាសំខាន់ខ្លាំងណាស់ និងត្រូវតែឲ្យប្រជានេសាទទាំងនោះ បានទទួលដឹងមុនសម្រាប់ត្រៀមការពារជាដើម។

លោក ឡុង ឌីម៉ង់ បានថ្លែងថា ទន្ទឹមនឹងការផ្សព្វផ្សាយទាំងអស់នេះហើយ យើងក៏ត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ជាពិសេសខាងផ្នែកជួយសង្គ្រោះខាងសុខាភិបាល​ ផ្នែកខាងជួយសង្គ្រោះបន្ទាន់ និងព្រមទាំងកងរាជអា​វុធហត្ថ សមត្ថកិច្ច និងប៉ូលីសទាំងអស់ ត្រៀមលក្ខណៈសម្បត្តិដើម្បីឆ្លើយតប ជម្លៀស និងចេញអន្តរាគមន៍ភ្លាមៗជូនប្រជាពលរដ្ឋ ក្នុងករណីដែលមានអ្វីដែលជាយថាហេតុ។

លោកបាន​បន្ថែមថា ដូច្នេះការរៀបចំទាំងអស់ វាគឺជាចំណុចសំខាន់ដែលអភិបាលខេត្តព្រះសីហនុ តែងតែប្រកាន់ភ្ជាប់រាល់ការណែនាំទាំងអស់នេះផងដែរ។

ជាមួយគ្នានេះអភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ ក៏បានឱ្យដឹងថា ​​ក្នុងខេត្តនេះ លោកថាមានក្រុមការងារដែ​លធ្វើការលើបញ្ហាគ្រោះមហន្តរាយ ខណៈដែលបើសិនជាមានករណីគ្រោះធម្មជាតិបានកើតឡើង គឺក្រុមការងារដែ​លធ្វើការលើបញ្ហាគ្រោះមហន្តរាយបានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងគ្រោះដោយសារកត្តាធម្មជាតិ។

ក្រៅពីក្រុមការងារដែលធ្វើការលើបញ្ហាគ្រោះមហន្តរាយហើយ លោកថា ខេត្តឧត្តរមានជ័យក៏មានគណៈកម្មការតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីផ្ដល់ការអន្តរាគមន៍ជាបន្ទាន់ទៅដល់ប្រជាពលរដ្ឋក្នុងករណីដែលមានគ្រោះធម្មជាតិដោយយថាហេតុណាមួយកើតឡើង។

លោក ឌី រ៉ាដូ បញ្ជាក់ថា  យើងបានត្រៀមលក្ខណៈរួចរាល់ហើយ ពីព្រោះយើងមានគណៈកម្មការតាំងពីឃុំ ស្រុក រហូតដល់ខេត្តអ៊ីចឹងណា ប្រសិនជាមានគ្រោះមហន្តរាយជាយថាហេតុណាមួយកើតឡើង គឺថាយើងមានក្រុមការ​ងា​រតាំងពីថ្នាក់ឃុំ ស្រុក ហើយនិងខេត្ត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ។

លោកបន្ថែមថា ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏ផ្សព្វផ្សាយផងដែរ ទៅកាន់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ដោយផ្អែ​កទៅតាមអ្វីដែលក្រសួងធនធានទឹកបានជូនដំណឹងមកនេះ៕

ដោយ៖ជា សុខនី

ads banner