ខេត្តរតនគិរី និងការវិវត្តន៍នាបច្ចុប្បន្ន (Video Inside)
កម្ពុជានិងឡាវកំពុងសិក្សាលើការបើកច្រកព្រំដែនយ៉ាងហោចចំនួនកន្លែងនៅតាមបណ្តោយ ព្រំដែនខេត្តរតនគិរី។ គម្រោងសិក្សាដើម្បីធ្វើការបើកច្រកព្រំដែននេះ បានលើកឡើងដោយអភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន ក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រី ថ្ងៃទី៤ មេសា ឆ្នាំ២០២៣។
ខេត្តរតនគិរីគឺជាខេត្តដាច់ស្រយាលមួយនាភាគឥសានប្រទេស ដែលមានចម្ងាយ៥៨៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង, ខាងកើតជាប់នឹងខេត្ត២ នៃប្រទេសវៀតណាម គឺខេត្តយ៉ាឡាយ និងខេត្តកន្ទុម ដែលមានប្រវែងសរុប ២១០គីឡូម៉ែត្រ។ ភាគខាងជើងខេត្ត ជាប់នឹងខេត្តអឌ្ឍពើរបស់ប្រទេសឡាវដែលមានប្រវែង ១៦៥គីឡូម៉ែត្រ និងខាងត្បូងជាប់ជាមួយខេត្តមណ្ឌលគិរី។
បើទោះបីជាការបោះបង្គោលព្រំ ដែនខេត្តដែលជាប់នឹងប្រទេសឡាវ បានធ្វើដោយរួចរាល់ ប៉ុន្តែការបោះបង្គោលតាមខេត្តដែលជាប់នឹងវៀតណាម នៅមិនទាន់បានគ្រប់សព្វនៅឡើយទេ។
ខេត្តរតនគិរី គឺជាខេត្តមួយដែលមិនទាន់មានការអភិវឌ្ឍន៍ជឿនលឿនដូចបណ្តាខេត្តមួយចំនួន របស់កម្ពុជាឡើយ។ ខេត្តនេះតាមពិតគឺជាខេត្តដែលមានប្រភពធនធានធម្មជាតិនៅក្នុងដីជាច្រើន ដែលមិនទាន់ត្រូវបានគេធ្វើអាជីវកម្មអស់លទ្ធភាពឡើយ។ លោកអភិបាលខេត្តបានថ្លែង អំពីប្រភពធនធានធម្មជាតិ ដែលមាននៅក្នុងខេត្តបច្ចុប្បន្ន។
ខេត្តនេះ ទោះជាយ៉ាងណា ក៏ត្រូវគេស្គាល់ថាជាខេត្ត នៃតំបន់រមណីយដ្ឋាន ដែលមានភាពទាក់ទាញផងដែរ គ្រាដែលរមណីយដ្ឋានធម្មជាតិចំនួន២០កន្លែង, រមណីយដ្ឋានវប្បធម៌ ធម្មជាតិចំនួន២កន្លែង និងកែច្នៃចំនួន៨កន្លែង តែងធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិ បានជញ្ជក់មាត់ស្ងើចសរសើរ។
អភិបាលខេត្តរតនគិរីបានថ្លែងរំពឹងលើដំណើរការរីកចំរើន របស់ខេត្តបើសិនជាខេត្តនឹងមាន ព្រលានយន្តហោះ ដែលនឹងទាក់ទាញទេសចរកាន់តែខ្លាំងឡើង។
ខេត្តរតនគិរី គឺជាខេត្តមួយនៃតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលជាចក្ខុវិស័យរបស់អាស៊ាន។ តំបន់អភិវឌ្ឍន៍ត្រីកោណ គឺជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការអនុតំបន់មួយរបស់អាស៊ាន និងជាតំបន់ដែលមានខេត្តចំនួន១៣ នៃប្រទេសកម្ពុជា វៀតណាម និងឡាវ ក្នុងអនាគតធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា។
ខេត្តទាំង១៣ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមានខេត្តវៀតណាមចំនួន៥ គឺ ខេត្តកន្ទុម, ខេត្តចាយឡាយ, ខេត្តដាក់ឡាក់, ខេត្តដាក់នុង និងខេត្តប៊ិញភឿក។ ខេត្តនៃប្រទេសកម្ពុជា មានចំនួន៤ គឺខេត្តរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង និងក្រចេះ, ចំណែកខេត្តនៃប្រទេសឡាវមាន ចំនួន៤ គឺខេត្តចំប៉ាសាក់, ខេត្តសារ៉ាវ៉ាន់, ខេត្តអឌ្ឍពើ និងខេត្តសេកុង។