សម្តេចតេជោអញ្ជើញត្រឡប់មកកម្ពុជាវិញ ក្រោយកិច្ចប្រជុំកំពូលទន្លេមេគង្គលើកទី៤ បិទបញ្ចប់ (Video Inside)

កិច្ចប្រជុំកំពូល និងសន្និសីទគណៈកម្មការទន្លេមេគង្គលើកទី៤ បានបញ្ចប់នៅថ្ងៃទី៥មេសានេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅថ្ងៃពុធទី៥មេសានេះ។

កិច្ចប្រជុំកំពូលទន្លេមេគង្គលើកទី៤ ដែលបានបញ្ចប់នេះ បានស្ថិតក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីវៀងច័ន្ទ ដោយសង្កត់ធ្ងន់លើសារៈប្រយោជន៍របស់ទន្លេមេគង្គ។

កិច្ចប្រជុំកំពូលដែលចូលពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ បានពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធិភាព ព្រមទាំងបន្ត ជម្រុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់សម្រាប់ចីរភាពទន្លេមេគង្គ។

ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានបណ្តោយប្រវែង ប្រមាណ៤ពាន់៩០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់ប្រទេសចិន, មីយ៉ាន់ម៉ា, ឡាវ, ថៃ, កម្ពុជា និងវៀតណាម។

ទន្លេមេគង្គគឺជាប្រព័ន្ធធារាសាស្ត្រដ៏សំខាន់របស់ប្រទេសទាំង៦ ដោយប្រព័ន្ធធារាសាស្ត្រ នៃប្រភពទន្លេនេះ បានជួយស្រោចស្រពដំណាំកសិកម្មដល់ពលរដ្ឋ នៃប្រទេសដែលរស់នៅតាមដងទន្លេមេគង្គនេះ។ ទន្លេមេគង្គនេះគឺជាអាងទឹកដ៏ធំមួយ និងជាជម្រកសត្វត្រី គ្រប់យ៉ាងពី១ពាន់២០០ទៅ១ពាន់៧០០ ប្រភេទ ដែលធ្វើឱ្យទន្លេនេះ បានក្លាយជាអាងទឹក មានជីវៈចម្រុះច្រើនបំផុតបន្ទាប់ពីទន្ហេអាម៉ាហ្សូន និងទន្លេកុងហ្គោ របស់ពិភពលោក។

ads banner