ទូតអង់គ្លេសកោតសរសើរកម្ពុជា ដែលប្រយុទ្ធចេញពីបញ្ជីប្រផេះអង្គការ FATF (Video Inside)
ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic William បានថ្លែងកោតសរសើរកម្ពុជា ដែលខិតខំប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ រហូតដកចេញឈ្មោះពីបញ្ជីប្រផេះ។ ការថ្លែងរបស់ទូតអង់គ្លេសនេះ ធ្វើឡើងក្នុងជំនួប និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នាវិមានសន្តិភាព ។
លោក Dominic William បានលើកឡើងកត់សម្គាល់ទៀតថា កម្ពុជាបានចូលរួមជាមួយ ប្រទេសជាសមាជិកអាស៊ាន ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការអនុវត្តនូវយន្តការផ្សេងៗ ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ហើយសមិទ្ធផលទាំងនេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់កម្ពុជាក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បើទោះកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់នេះក៏ដោយ កម្ពុជានៅបន្តខិតខំលើការងារនេះបន្ថែមទៀត និងបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថាចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នា គឺរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស គឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញ ដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។
សម្តេចក្រឡាហោម ស ខេង បានបង្ហាញនូវបំណងឲ្យមានកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឲ្យមានការចែករំលែកបទពិសោធន៍ នៃការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសនៅក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន។
គួរបញ្ជាក់ថា ឈ្មោះនៃប្រទេសកម្ពុជាដែលបានស្ថិតក្នុងបញ្ជីប្រផេះរបស់អង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ត្រូវបានដកចេញវិញ នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣។