ចិនបញ្ជូននាវាដឹកយន្តហោះចម្បាំងឆ្លងកាត់ឆ្នេរសមុទ្រតៃវ៉ាន់មុនកិច្ចប្រជុំរបស់អាមេរិកឈានមកដល់

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់កាលពីទី៥ ខែមេសាឆ្នាំ២០២៣បានលើកឡើងថា «នាវាដឹកយន្តហោះចិនជាច្រើន បានធ្វើដំណើរចូលដែនទឹកនៃឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ នៅក្នុងថ្ងៃតែមួយដែលប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ត្រូវចូលជួបជាមួយប្រធានសភាអាមេរិក លោក ខេវីន ម៉ាក់ខាធី (Kevin McCarthy) នៅទីក្រុងឡូសអេនជឺលេស Los Angeles»។

គួរកត់សម្គាល់ថា ប្រទេសចិនតែងតែបន្តអះអាងថា តៃវ៉ាន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រជាធិបតេយ្យ ជាផ្នែកមួយនៃខេត្តរបស់ខ្លួន ហើយចិនក៏បានព្រមានថានឹងធ្វើការសងសឹកប្រសិនបើមានកិច្ចប្រជុំរវាងលោកស្រី សៃ អ៊ីងវេន និងលោក ខេវីន ម៉ាក់ខាធី កើតមាន
ឡើង។

 គួររំឭកដែរថា ​កាលពី​ខែ​សីហាឆ្នាំ២០២២ ប្រទេស​ចិនធ្លាប់​បានបញ្ជូនយន្តហោះចម្បាំងជាច្រើនទៅព័ទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់ ​បន្ទាប់​ពីប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់ទី​ក្រុង​តៃប៉ិ។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា នាវាដឹកយន្តហោះរបស់ចិនជាច្រើនដែលនាំមុខដោយនាវាដ៏ធំមួយឈ្មោះថា សានដុង (Shandong) បានបើកឆ្លងកាត់ច្រកសមុទ្របាស៊ី (Bashi) ដែលជាខ្សែបន្ទាត់ព្រំដែនទឹករវាងតៃវ៉ាន់និងហ្វ៊ីលីពីន ចូលទៅក្នុងដែនសមុទ្រភាគអាគ្នេយ៍របស់តៃវ៉ាន់។

ក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា «នាវាទាំងអស់នោះបានធ្វើដំណើរទៅកាន់ទីនោះក្នុងគោលបំណងធ្វើការហ្វឹកហ្វឺននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វ៊ិកខាងលិច ហើយកងកម្លាំងជើងទឹក និងដែនអាកាសរបស់តៃវ៉ាន់ ព្រមទាំងប្រព័ន្ធរ៉ាដាដែលមានមូលដ្ឋាននៅលើដែនដីកោះមួយនេះ បានតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពរបស់ពួកគេ»។ ក្រសួងការពារជាតិតៃវ៉ាន់បានបន្តថា «ប្រទេសចិននៅតែបន្តបញ្ជូនយន្តហោះ និងនាវាផ្សេងៗទៅក្នុងដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់»។

ក្រសួងដដែលបានកត់សម្គាល់ថា «បន្ថែមពីលើការគំរាមកំហែងមកកាន់សន្តិសុខជាតិរបស់យើង ចិនក៏កំពុងបំផ្លាញស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ផងដែរ។សកម្មភាពបែបនេះមិនមែនជាទង្វើរបស់ប្រទេសដែលមានការទទួលខុសត្រូវក្នុងសម័យទំនើបបច្ចុប្បន្ននេះនោះទេ»។

ក្រសួងការពារជាតិតៃវ៉ាន់ក៏បានបង្ហាញរូបភាពចំនួនពីរឱ្យសាធារណៈជនបានឃើញផងដែរក្នុងនោះ រូបទី១ ជារូបភាពសខ្មៅរបស់នាវាដឹកអ្នកដំណើរដែលថតពីលើអាកាស និងរូបទី២ ជារូបភាពនាវិកតៃវ៉ាន់ដែលកំពុងសម្លឹងមើលនាវាដឹកយន្តហោះ សានដុង ពីចម្ងាយ និងនាវាមិនស្គាល់អត្តសញ្ញាណមួយផ្សេងទៀត។

យ៉ាងណាក៏ដោយ ប្រទេសចិននៅមិនទាន់បានផ្ដល់សេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។ ប៉ុន្តែព្រឹត្តិការណ៍នេះបានកើតឡើងស្របពេលជាមួយគ្នានឹងដំណើរទស្សកិច្ចទៅកាន់ទីក្រុងប៉េកាំង របស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)។ គួរបញ្ជាក់ដែរថា កន្លងមក ប្រទេសចិន​ក៏ធ្លាប់បាន​បើក​នាវាដឹក​យន្តហោះ​បែបនេះ​ ឆ្ពោះទៅកាន់​កោះ​តៃវ៉ាន់នៅពេលដែលមានរឿងចម្រូងចម្រាស​ស្រដៀង​គ្នា​នេះ​កើតមានឡើង។

កាលពីខែមីនា ឆ្នាំ២០២២​ នាវា សានដុង របស់ចិនមួយគ្រឿងនេះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលប្រធានាធិបតីចិន និងសហរដ្ឋអាមេរិកត្រូវជួបចរចាគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍អំពីបេសកកម្មចុងក្រោយបំផុតរបស់នាវា សានដុង ដែលបានបើកចូលមកកៀកក្បែរកោះតៃវ៉ាន់ ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងថា «សម្ពាធពីខាងក្រៅនឹងមិនអាចរារាំងការប្តេជ្ញាចិត្តរបស់យើង ក្នុងការមានទំនាក់ទំនងជាមួយពិភពលោកខាងក្រៅនោះទេ»។

តៃវ៉ាន់បានប្ដេជ្ញាចិត្តបន្ថែមថា យោធារបស់ខ្លួននឹងបន្តតាមដានត្រួតពិនិត្យយ៉ាងដិតដល់ទៅលើការវិវត្តស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយនឹងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព មិនបង្កជម្លោះ ដើម្បីអាចដោះស្រាយរាល់បញ្ហាប្រឈមនានានៅថ្ងៃអនាគត៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia

China sends carrier group off Taiwan coast ahead of US meeting

ads banner