អាមេរិក បើកយន្តហោះដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ចំពេលភាពតានតឹងជាមួយកូរ៉េខាងជើងកើនឡើងខ្លាំង
អាមេរិក៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានបើកយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 នៅលើឧបទ្វីបកូរ៉េម្តងទៀតដែលយន្តហោះនេះអាចមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរបានទៀតផង។ ការធ្វើបែបនេះ អាមេរិកហាក់ដូចជាចង់បង្ហាញពីកម្លាំងយោធារបស់ខ្លួនក្នុងការប្រឆាំងនឹងកូរ៉េខាងជើង ចំពេលដែលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរមួយបន្ថែមទៀត។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់ខ្លួន បានចូលរួមក្នុងសមយុទ្ធយោធាដែនអាកាសនៅលើឧបទ្វីបកូរ៉េរួមគ្នាជាមួយយន្តហោះចម្បាំងអាមេរិក។ ក្រសួងដដែលបានបង្ហាញថា វាគឺជាការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 របស់សហរដ្ឋអាមេរិកលើកដំបូងបង្អស់មកកាន់តំបន់ឧបទ្វីបមួយនេះ។
ឧត្តមសេនីយ៍ឯកលោក Park Ha Sik មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការកងទ័ពអាកាសកូរ៉េខាងត្បូងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សមយុទ្ធយោធាកន្លងមកបានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំរបស់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិក និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយដោយកូរ៉េខាងជើងនាពេលខាងមុខ»។ គួរដឹងដែរថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងពង្រីកសមយុទ្ធយោធារួមគ្នារបស់ពួកគេជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។
គួររំឭកថា សម្ព័ន្ធមិត្តទាំងពីរនេះបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានពីមុនក្នុងរយៈពេល ៥ ឆ្នាំមកនេះ ហើយកាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះប្រភេទ USS Nimitz ដែលដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់ការហ្វឹកហ្វឺនកងទ័ពជើងទឹករួមគ្នាជាមួយកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធមួយធ្វើឡើងក្នុងគោលបំណងប្រឆាំងនឹងនាវាមុជទឹករបស់សត្រូវ។
ដោយឡែក កូរ៉េខាងជើងបានមើលឃើញការធ្វើសមយុទ្ធនេះថា ជាការរករឿងឈ្លោះ និងជាការបង្ហាញពីចេតនារបស់ពួកគេក្នុងការវាយប្រហារកូរ៉េខាងជើង។ មួយថ្ងៃបន្ទាប់ពីមានការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 នៅលើឧបទ្វីបកូរ៉េកាលពីថ្ងៃទី៦ ខែមីនា លោកស្រី គីម យ៉ូ ចុង (Kim Yo Jong) ដែលត្រូវជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានព្រមានថា ប្រទេសរបស់លោកស្រីបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានចាំបាច់ណាមួយ ក្នុងការប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ចាប់តាំងពីសមយុទ្ធយោធានោះមក កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់។ ភាគច្រើននៃអាវុធទាំងនោះត្រូវបានរចនាឡើងដើម្បីវាយប្រហារទៅកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងនោះរួមមាន មីស៊ីលផ្លោងអន្តរទ្វីបប្រភេទHwasong-17 ដែលជាគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតរបស់កូរ៉េខាងជើង យន្តហោះគ្មានមនុស្សបើកនៅក្រោមទឹកដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលដែលអាចបាញ់ចេញពីនាវាមុជទឹកទៀតផង។
កាលពីសប្តាហ៍មុនកូរ៉េខាងជើងបានបង្ហាញជាសាធារណៈឱ្យឃើញអំពីក្បាលគ្រាប់នុយក្លេអ៊ែរនៅទីលានធ្វើសង្គ្រាមរបស់ខ្លួន ដោយបំពាក់លើកាំភ្លើងសម្រាប់បាញ់រយៈចម្ងាយខ្លី និងតម្រង់គោលដៅឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការណ៍នេះហាក់ដូចជាចង់បង្ហាញថា កូរ៉េខាងជើងនឹងបាញ់សាកល្បងនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួនម្ដងទៀត បន្ទាប់ពីបានបាញ់ជាលើកចុងក្រោយនៅឆ្នាំ២០១៧។ គួររំឭកថា កាលពីឆ្នាំ២០១៧ កូរ៉េខាងជើងក៏បានធ្វើការបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរដូចគ្នានេះដែរ មុននឹងបាញ់តេស្ដសាកល្បងនៅពេលនោះ។ ប្រសិនបើជាការពិតមែននោះ ការបាញ់សាកល្បងលើកនេះនឹងក្លាយជាការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ របស់កូរ៉េខាងជើង។
លោក គីម ជុងអ៊ុន បានលើកឡើងថា «កូរ៉េខាងជើងនឹងមិនវិលត្រឡប់ទៅរកកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនបញ្ឈប់គោលនយោបាយចង់បំផ្លាញកូរ៉េខាងជើង»។ ការលើកឡើងបែបនេះ គឺលោកចង់សំដៅទៅលើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិដែលនាំមុខដោយសហរដ្ឋអាមេរិក។ អ្នកសង្កេតការណ៍មួយចំនួនបានយល់ឃើញថា លោក គីម ជុងអ៊ុន ចង់ប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីដាក់សម្ពាធទីក្រុងវ៉ាស៊ីនតោន ឱ្យទទួលស្គាល់ថាខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងត្រូវដកទណ្ឌកម្មចេញពីប្រទេសមួយនេះចេញ។
គួរដឹងដែរថា នៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានបេសកជននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រឆ្លើយតបទៅនឹងភាពតានតឹងដែលបណ្តាលមកពីការបាញ់សាកល្បងអាវុធថ្មីៗរបស់កូរ៉េខាងជើង នេះបើយោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំស្ដីពីគោលនយោបាយមួយកាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ន ស៊ុកយ៉ុល (Yoon Suk Yeol) បានថ្លែងថា «កិច្ចសហប្រតិបត្តិការសន្តិសុខរវាងទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ គឺមានសារៈសំខាន់ណាស់ដើម្បីអាចប្រឈមជាមួយនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាប្រឈមផ្សេងៗទៀតបាន»។ លោកបានបន្តថា «កូរ៉េខាងត្បូងត្រូវតែពង្រឹងការវាយប្រហារទុកជាមុន ដូចជាប្រព័ន្ធការពារមីស៊ីល និងសមត្ថភាពវាយបកត្រឡប់ទៅវិញ និងត្រូវពង្រឹងសមត្ថភាពប្រព័ន្ធការពាររវាងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកបន្ថែមទៀត»៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ AP News
US flies nuclear-capable bombers amid tensions with N. Korea