ស្ថាប័នព្រឹទ្ធសភាបើកកិច្ចប្រជុំ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ (Video Inside)
អត្ថបទដោយ៖
Apsara Net
ស្ថាប័នព្រឹទ្ធសភា បានជូនដំណឹងនៅថ្ងៃទី៧មេសានេះថា គេគ្រោងនឹងបើកសម័យប្រជុំពេញអង្គនាដើមសប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ។
ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ របស់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលទើបបានអនុម័តកំណត់យកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ដើម្បីបើកសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ពិនិត្យលើសេចក្តីព្រាងច្បាប់នោះ បន្ទាប់ពីរដ្ឋសភាបានអនុម័ត និងបានបញ្ជូនមកស្ថាប័នព្រឹទ្ធសភា។
កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរ ទើបតែបានសម្រេចការបោះបង្គោលព្រំដែនចំនួន ១២១ បង្គោលដែលស្មើនឹង៨៦% នោះទេកន្លងមកនេះ។