គណរដ្ឋមន្ត្រីអនុម័តគម្រោងសំណង់វិនិយោគអគ្គិសនី៥កន្លែង (Video Inside)
គណរដ្ឋមន្ត្រីបានអនុម័តគម្រោងបង្កើតស្ថានីយថាមពលអគ្គិសនីចំនួន៥ដែលស្ថិតនៅក្នុងខេត្ត ចំនួន៥ផ្សេងគ្នា គឺខេត្តកោះកុង, ពោធិ៍សាត់, កំពង់ឆ្នាំង, ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ កិច្ចប្រជុំគណរដ្ឋមន្ត្រីនាថ្ងៃសុក្រទី៧មេសា ដែលអនុម័តគម្រោងគម្រោងថាមពលវារីអគ្គិសនី និងគម្រោងស្ថានីយ៍អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ បានស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
យោងតាមការអនុម័តគម្រោងបង្កើតវារី អគ្គិសនីមាននៅក្នុងខេត្តកោះកុង គឺគម្រោងវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំកណ្តាល នៅស្រុកមណ្ឌលសីមា ដែលមានអានុភាព៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត នៅស្រុកថ្មបាំង ដែលមានកម្លាំងអានុភាព១០០ មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា។
ចំណែកគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យវិញរួមមាន ស្ថានីយ នៅខេត្តពោធិ៍សាត់ដែលមានកម្លាំងអានុភាព១៥០មេហ្គាវ៉ាត់, នៅខេត្តកំពង់ឆ្នាំង កម្លាំងអានុភាព៦០មេហ្គាវ៉ាត់, នៅខេត្តស្វាយរៀង អានុភាព៦០មេហ្គាវ៉ាត់ និងនៅខេត្តព្រៃវែង មានអនុភាព៨០មេហ្គាវ៉ាត់។
យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ ពលរដ្ឋមានអគ្គិសនីប្រើប្រាស់ស្ទើរតែ១០០ភាគរយហើយនៅទូទាំងប្រទេស។ ភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ ភាគរយ នៅទូទាំងប្រទេស មានអគ្គិសនីប្រើប្រាស់ហើយ។ ភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ មាននៅសល់ចំនួន២៤៥ភូមិ ដែលស្មើនឹង ១.៧៣ភាគរយ ដែលមិនទាន់តខ្សែបណ្តាញអគ្គិសនី។
ដោយឡែកនៅមានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា នឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ឡើយ ដោយសារតែភូមិទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ…ចំណែកភូមិខ្លះគឺជាភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។