កម្ពុជាកំពុងសហការជាមួយឥណ្ឌាដើម្បីនាំយកសត្វខ្លាធំឱ្យមានវត្តមាន ក្នុងព្រៃធម្មជាតិកម្ពុជាវិញ

ពោធិ៍សាត់៖បន្ទាប់ពីបាត់ដានដែលជាវត្តមានសត្វខ្លាធំ អស់រយៈពេល ១៦ឆ្នាំនៅប្រទេសកម្ពុជារួចមក នៅពេលនេះក្រសួងបរិស្ថាន រួមជា មួយអង្គការដៃគូបានសហការជាមួយប្រទេសឥណ្ឌាដើម្បីនាំយកប្រភេទសត្ខខ្លាធំ មកលែង ក្នុងព្រៃធម្មជាតិកម្ពុជាវិញ។នេះជាការបញ្ជាក់ របស់អ្នកនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួង បរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យនៅក្នុងសន្និសីទ សារព័ត៌ មានស្តីពីអន្ទាក់សូន្យដំណាក់កាលទី២ នាមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីសៀលថ្ងៃទី០៦ ខែមេសាបានបញ្ជាក់អំពី ការដំណើរនាំ យក សត្វ ខ្លាធំមកកម្ពុជា។លោកថា សកម្មនេះធ្វើឡើងក្រសួងបរិស្ថាន និង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ( WA )ដើម្បីធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌា មុន នាំយកសត្វខ្លាធំឱ្យមានវត្តមាននៅក្នុងព្រៃធម្មជាតិកម្ពុជាវិញ ក្រោយគេជឿជាក់ថាខ្លាំធំបានបាត់វត្តមាននៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកនេះ។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានមានប្រសាសន៍ ថា ”ពេលនេះ ទាំងអ្នកជំនាញកម្ពុជា និងអ្នកជំនាញប្រទេសឥណ្ឌា បាន និងកំពុងរៀបចំនូវបទដ្ឋានបច្ចេកទេស ក្នុងការនាំយកប្រភេទសត្វខ្លាំធំ ពីប្រទេសឥណ្ឌា។សម្រាប់សត្ខខ្លាធំដែលនឹងនាំយកមកពី ប្រទេស ឥណ្ឌា នេះក្នុងទិសដៅទីមួយនោះ គឺតម្រង់ទៅតំបន់ជួរភ្នំក្រវាញ”។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «យើងរំពឹងថា នីតិវិធី នឹងសម្រេច នាពេលខាងមុខ ហើយមន្ត្រីជំនាញនៃក្រសួងបរិស្ថាន តំណាងអង្គការ WA ក៏បានធ្វើដំណើរទៅប្រទេសឥណ្ឌា ធ្វើការសិក្សា ហើយដំណើរការនៃកិច្ចការងារនឹងមានការវិវត្ត ជាជំហានៗ ហើយ សង្ឃឹមថាប្រទេសកម្ពុជារបស់យើងនឹងមានលទ្ធភាពស្តារប្រភេទសត្វខ្លាធំនេះ នៅក្នុងព្រៃធម្មជាតិ របស់យើងឡើងវិញ»។

ឯកឧត្តមរដ្ឋលេខាធិការមានសុទិដ្ឋិនិយមថា ក្រសួងបរិស្ថានសង្ឃឹម ជឿជាក់ថា គម្រោងនេះនឹងទទួលបានជោគជ័យ ក្រោយមានកិច្ច ព្រមព្រៀង ជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងការអនុវត្តគម្រោង មួយនេះ រួចមក។
គួរបញ្ជាក់ថា កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការ សម្ព័ន្ធ មិត្តសត្វព្រៃ (WA) បានបញ្ជាក់ប្រាប់នាកន្លងមកថា គម្រោង ស្តារសត្វខ្លាធំដែលត្រូវនាំមកពីប្រទេសឥណ្ឌានឹងត្រូវលែងក្នុងតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់សុវត្ថិភាពមួយសម្រាប់ពួកវារស់នៅ។

បើតាមការលើកឡើងពីនាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រូបនេះឱ្យដឹងដែរថា ការនាំយកសត្វខ្លាធំមកម្ពុជា អាចនឹងដំណើរការ បាន នៅក្នុងរយៈពេល៩ ឬ១០ ខែទៀត ព្រោះតំបន់ស្នូលនៃគម្រោង ស្តារ សត្វខ្លាធំនៅកម្ពុជាឡើងវិញនេះ ត្រូវបានរៀបចំរួចរាល់ហើយ ដោយរង់ចាំតែធ្វើរបាយការណ៍បញ្ជូនទៅប្រទេសឥណ្ឌាទេ។

  សូមរំលឹកដែរថាកម្ពុជា-ឥណ្ឌាបានចុះអនុស្សរណៈនៃ ការយោគ យល់គ្នាមួយ កាលពីអំឡុងដើម ខែវិច្ឆិកា ឆ្នាំ២០២២ទាក់ទិននឹងការ ស្តារសត្វខ្លាធំនៅកម្ពុជា។
      គួរបញ្ជាក់ថាសត្វខ្លាធំ ដែលធ្លាប់មានវវត្តមាននៅកម្ពុជា ត្រូវបាន គេប្រទះឃើញចុងក្រោយ បំផុតនៅឆ្នាំ២០០៧ ដែល ថតបាននៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី ពោល គឺបើគិតមកដល់ពេលនេះគេលែងឃើញវត្តមានវានៅកម្ពុជាទៀតហើយ៕ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner