ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ៤យ៉ាង គឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរនិងខ្មែរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ៤យ៉ាង រួមមាន៖ ទី១.ការប្រកាន់សច្ចធម៌ ដោយផ្សព្វផ្សាយតែអំពីការពិតដែលបានកើតមានទ្បើងនៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ទី២.ការប្រកាន់នូវធម៌អហិង្សាក្នុងការឆ្លើយតបទៅនឹងសកម្មបំពាននានា។ ទី៣.ការប្រកាន់ខ្ជាប់នូវស្មារតីគ្រួសារខ្មែរតែមួយ ដោយឈរលើមូលដ្ឋានស្រលាញ់រាប់អានគ្នាជាបងប្អូន ហើយសម្តេចតេជោ ដែលជាថ្នាក់ដឹកនាំ ក៏បានប្រកាន់យកនូវស្មារតីនេះ ដើម្បីបង្រួបបង្រួមជាតិ និងនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់កើតមានទ្បើយក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំរបស់កម្ពុជា និងទី៤.គឺការយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា។ សកម្មភាពទាំងអស់នេះហើយ ដែលធ្វើឱ្យក្រុមការងារទទួលបានការគោរពស្រលាញ់ និងភាពកក់ក្តៅពីសំណាក់បងប្អូនពលរដ្ឋដែលរស់នៅក្រៅប្រទេសគ្រប់មជ្ឈដ្ឋានរហូតមក។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរមហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង១.២០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះប្រជាពលរដ្ឋខែ្មររស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលតែងបានគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានកោតសរសើរចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌នានា រួមមានជាអាទិ៍៖ ការជួយឧបត្ថម្ភជនដល់រងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩ គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់ គ្រួសារមានជីវភាពលំបាកខ្វះខាត មន្ទីរពេទ្យគន្ធបុប្ផា និងការផ្តល់អំណោយជាអណ្តូងទឹកនៅតាមសហគមន៍ជនបទ ជាដើម។

កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយយកអាសារគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរក្រោមបរិយាកាសសុខសន្តិភាពដែលសម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សយូរអង្វែងគ្រប់ជំនាន់តរៀងទៅ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះសមិទ្ធផលការងារទាំងទ្បាយដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមកនេះ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបន្តបុព្វហេតុបម្រើជាតិមាតុភូមិរបស់គណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

